Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ទុកជាកេរមរតកប្រវត្តិសាស្រ្តសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ សូមរដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចរៀបចំបដាពាក្យស្លោក ឬចម្រៀងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រសម្រាប់ជាតិយើង។
សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្រ្តសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូល និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃប្រកបដោយថាមពល។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា នៅវេលាម៉ោង ៧:០០នាទីយប់ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំអុជកាំជ្រួចចំនួន ៣កន្លែង មានរយៈពេល ៦នាទី នៅឆ្នេរខាងក្រោយសណ្ឋាគារស៊ីហ៊ូ រីស៊ត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ និងបេអូសឡាហ្វ ស្ថិតភូមិអុង ឃុំរាម ស្រុកព្រៃនប់។