នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការសាងសង់ផ្លូវបេតុងលេខ ២០៥ ស្ថិតនៅសង្កាត់លេខ២ក្រុងព្រះសីហនុ មានប្រវែង ២៤៧ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពី
បេតុងសសៃដែក និងលូរទឹកភ្លៀងអមសងខាងផ្លូវមានមុខកាត់ ០.៦០ម៉ែត្រ និងលូរទឹកកខ្វក់ មានមុខកាត់ ០.៣០ម៉ែត្រ។ និងដាក់លូនៅអមសងខាងផ្លូវបេតុងលេខ៨១៨ ស្ថិតនៅក្រុម២០ និង២១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានប្រវែងជិត ១ ៨០៦ម៉ែត្រ ហើយលូរនៅរអមសងខាងផ្លូវនេះ មានមុខកាត់ ១ម៉ែត្រ និងចាក់ក្រាលផ្លូវបេតុងប្រវែង ១៣៨ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពីបេតុងសសៃដែក។
ក្នុងឱកាសចុះពិនិត្យមើលការសាងសង់ផ្លូវ និងការដាក់លូរនៅផ្លូវទាំងពីរខ្សែក្នុងក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំងពីរខ្សែខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ដើម្បីរៀបខឿនឱ្យមានស្តង់ដារឯកភាពមួយដើម្បីធានាងាយស្រួលក្នុងការសម្រួលលំហូរទឹកភ្លៀងនៅរដូវស្សារមិនឱ្យមានការជនលិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវបេតុងនេះ។ ព្រោះផ្លូវបេតុងមួយខ្សែនេះជាទ្រព្យសម្បត្តិសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះយើងត្រូវរួមគ្នាចូលរួមថែរក្សា ការពារផ្លូវសម្រាប់ការធ្វើដំណើរក៏ដូចជាទុកប្រើប្រាស់ធ្វើចរាចរណ៍ក្នុងភូមិ សង្កាត់របស់យើងកាន់តែងាយស្រួលនឹងប្រើប្រាស់បានយូរវង្វែង សម្រាប់កូនចៅជំនាន់ក្រោយធ្វើដំណើរកាន់តែមានភាពងាយស្រួល។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុង និងការកាយដាក់លូរ អមសងខាងផ្លូវលេខ៨១៨ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់ ដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងចេញចូលផ្ទះរបស់គាត់មានភាពងាយស្រួល ពិសេសការសាងសង់ផ្លូវបេតុង និងការដាក់លូរនេះធ្វើយ៉ាងណាតាមស្តង់ដារលក្ខណៈបច្ចេកទេស ដើម្បីធានាថា សមិទ្ធផលដែលយើងទទួលបាននាពេលខាងមុខ ពិតជាប្រើប្រាស់បានយូរអង្វែងសម្រាប់កូនក្មួយរបស់យើង ហើយក៏ជាការលើកមុខមាត់ សោភណភាព បរិស្ថានកាន់តែល្អប្រសើរថែមទៀត៕