Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៧ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
៤.ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន ស្តីពីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២
៥.ស្តាប់របាយការណ៍អំពីលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ និងការងារសេសសល់ ទិសដៅការងាររយៈពេល ៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សាអាណត្តិទី៣ ហើយដែលត្រូវអនុវត្តបន្ត
៦.បញ្ហាផ្សេងៗ
៧.ប្រសាសន៍បូកសរុប។
ក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងជំរុញដល់មន្ត្រីអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តដាក់ថែមទៀតក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ត្រូវធ្វើយ៉ាងណាដើម្បីជំរុញឱ្យការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដែលបានដាក់ចេញ។
ជាមួយគ្នានោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងការងារថែរក្សាសន្តិសុខសុវត្ថិភាព ពិសេសបង្ក្រាបបទល្មើសក្នុងនោះមានក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីមូលដ្ឋាន និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានាដែលកើតមានតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ត្រូវបន្តចុះផ្យព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ អំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវរៀបចំវេទិកាសាធារណ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងបន្តជំរុញចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការបំរើសេវាសាធារណឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធត្រូវចុះពិនិត្យតាមដានការងារបង្កបងើ្កនផលរបស់ប្រជាកសិករក្នុងរដូវវស្សា និងស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការចុះជួយពួកគាត់បានទាន់ពេលវេលាប្រសិនបើមានបញ្ហាប្រឈមណាមួយកើតឡើង៕