ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគទេសចរណ៍កម្ពុជាតំបន់ភូមិភាគខាងត្បូង ក្រោមប្រធានបទការវិនិយោគទេសចរណ៍បៃតង«Green Tourism Investment» ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តកំពត កែប កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថានាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតការងារ ការវិនិយោគការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។
លោកអភិបាលរងខេត្ត បានបន្ថែមថាខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា ស្ថិតនៅផ្នែកនិរតី(នៃប្រទេស) សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ កោះ ឆ្នេរ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ ផ្កាថ្ម រួមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកទស្សនា លម្ហែ កម្សាន្ត ក្នុងមួយឆ្នាំៗ ដែលត្រូវប្រសិទ្ធនាមថា «តារារះនាទិសនិរតី»។ មិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាច្រកចេញ-ចូលអន្តរជាតិ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយមានអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែស្វយ័តអន្តរជាតិ ប្រព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿនក្នុងការធ្វើដំណើរមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថាសិក្ខាសាលា ស្តីពីការវិនិយោគទេសចរណ៍កម្ពុជា តំបនភាគខាងត្បូង ក្រោមប្រធានបទ«ការវិនិយោគទេសចរណ៍បៃតង» នៅលើទឹកដីខេត្តព្រះសីហនុ ជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាខេត្តមួយដ៏សំខាន់ក្នុងតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថាជា “តារារះនាទិសនីរតី”។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញការលើកកម្ពស់ ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ឬ«ការវិនិយោគបៃតង»ការអភិវឌ្ឍទេសចរណ៍ប្រកបចីរភាពបរិយាបន្ននិងមានទំនួលខុសត្រូវ ការចែករំលែកចំណេះដឹងព័ត៌មាន និងបទពិសោធន៍ លើការងារវិនិយោគទេសចរណ៍ ការផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគពិសេសជំរុញ និងលើកកម្ពស់ការវិនិយោគអេកូ-ទេសចរណ៍ ទេសចរណ៍ ឆ្នេរខ្សាច់ ទេសចរណ៍សមុទ្រ ទេសចរណ៍ពិសិដ្ឋ ក្នុងតំបន់ឆ្នេរសមុទ្រ បូករួមខេត្តកំពង់ស្ពឺ និងតាកែវ ជាតំបន់ និងខេត្តដែលមានសក្តានុភាព និងភាពអំណោយផល ខ្ពស់ក្នុងការរួមចំណែកស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នក្នុង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”ក្រោមបាវចនា កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ព្រមជាមួយយុទ្ធសាស្ត្រអាទិភាពគន្លឹះទាំង៥រួមមាន មនុស្ស ផ្លូវ ភ្លើង ទឹកនិងបច្ចេកវិទ្យាឌីជីថល ពិសេសបានចាត់ទុកវិស័យទេសចរណ៍ឱ្យនៅបន្តជាវិស័យ បង្គោលសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
ដើម្បីជំរុញគាំទ្រ និងជួយសម្រួលដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ធ្វើជាច្រកចេញ-ចូល តែមួយ (One Window Service) ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគធំៗ លើគ្រប់វិស័យហើយក្រសួង-ស្ថាប័នសាមី ដើរតួនាទីក្នុងការពិនិត្យ ផ្តល់យោបល់ និងគាំទ្រ លើផ្នែកបច្ចេកទេសតាមគម្រោងនីមួយៗដែលបានស្នើសុំ។ រាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ដោយផ្តោតលើការអភិវឌ្ឍក្នុងតំបន់គោលដៅទេសចរណ៍អាទិភាព នៅកម្ពុជាក្រសួងទេសចរណ៍ បានរៀបចំគោលនយោបាយស្តីពី “តំបន់ទេសចរណ៍ពិសិដ្ឋ”។ តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍កម្ពុជានឹងទទួលទេសចរ អន្តរជាតិ ចំនួន១៥លាននាក់ និងទេសចរក្នុងស្រុក ២០លាននាក់ នៅឆ្នាំ២០៣០ ដូចនេះ ដើម្បីត្រៀមលក្ខណៈទទួល ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅឆ្នាំ២០៣០រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ មានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ការរៀបចំ ធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដោយមានការចូលរួម ពីធនធានទាំងនៅកម្ពុជា និងមកពីបរទេស ការពង្រឹងគុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ដោយផ្តោតលើជំនាញ។ ពិសេសយកចិត្តទុកដាក់ជំរុញនិងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ អេកូទេសចរណ៍ តំបន់ទេសចរណ៍វៃឆ្លាត និងបៃតងប្រកបដោយភាពទាក់ទាញទេសចរណ៍ឆ្នេរកោះ មជ្ឈមណ្ឌល វិស្សមកាល និងកីឡាទេសចរណ៍ សួនកំសាន្ត សណ្ឋាគារ ប្រណីតៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ និងផ្សាររួចពន្ធ ផ្សារលក់ទំនិញទំនើបៗ។ល។ ទាំងអស់នេះក្នុងការស្តារ និងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជាឡើងវិញ៕