ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងគោលបំណងនាពេលនេះ មានចំនួន ៣ ក្នុងនោះទី ១.កិច្ចសហប្រតិបត្តិការ នាពេលកន្លងមកយើងបានទទួលការខុសត្រូវនៅលើដី និងលម្ហរសមុទ្រក្នុងខេត្តចំនួន ៤ មានដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដែលជាកិច្ចការសំខាន់ក្នុងការការពារអធិតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរចំពោះកងកម្លាំងរបស់យើងគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារមានប្រសិទ្ធិភាព ប្រសិទ្ធិផល សុំឱ្យមានការទទួលខុសត្រូវបន្ថែមទៀត
២.ទាក់ទងបញ្ហាការពារធនធានធម្មជាតិ នៅសមុទ្រមានការនេសាទខុសច្បាប់ ដែលចេញពីប្រជានេសាទ យើងបានធ្វើកិច្ចការជាច្រើននាពេលកន្លងមក ដោយយកចិត្តទុកដាក់ក្នុងការអប់រំ ណែនាំដល់ប្រជានេសាទរបស់យើង ឱ្យចូលរួមគោរពទៅតាមគោលការច្បាប់ នៃការធ្វើនេសាទ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋធ្វើនេសាទទទួលបានទិន្នផលខ្ពស់ ចិញ្ចឹមជីវិតរបស់ពួកគាត់ផងដែរ ព្រោះការងារនេសាទ គឺជាការងារមួយសំខាន់សម្រាប់ចំណូលថវិកាជាតិ ជាចំណូលសំខាន់បានមកពីធនធានធម្មជាតិរបស់យើង ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដោយលើកទឹកចិត្តប្រជានេសាទផង បង្កលក្ខណៈឱ្យប្រជានេសាទត្រឹមត្រូវសម្រាប់ជាតិរបស់យើង យើងក៏មានកាត្វកិច្ចក្នុងការការទប់ស្កាត់ការនេសាទខុសច្បាប់ពីជនបរទេស យើងក៏បានឃាត់ចាប់ទូកប្រមូលផលនេសាទ ដែលបានមកប្រព្រឹត្តបទល្មើសនៅក្នុងដែនទឹកកម្ពុជា ស្នើសុំបន្តបេសកកម្មនេះបន្តទៀតឱ្យបានខ្លាំងក្លាទាំងខាងលម្ហរសមុទ្រ និងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។
៣.ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សូមឱ្យបន្តការយកចិត្តទុកដាក់ និងការជួយសង្គ្រោះ ព្រោះវាជាកាត្វកិច្ចរបស់កងកម្លាំង កន្លងមកយើងបានជួយសង្គ្រោះភាគច្រើនជនបរទេសដែលធ្វើដំណើរចូលមកដែនទឹកកម្ពុជា នៅពេលមានគ្រោះថ្នាក់ សូមកុំទាន់គិតពីរឿងច្បាប់ទម្លាប់ គិតពីការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន បន្ទាប់មកយើងពិនិត្យពីផ្លូវច្បាប់ បន្តចាត់នីតិវិធីតាមផ្លូវច្បាប់ ហើយអ្វីជារឿងសំខាន់ គឺការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន មិនថាប្រជានេសាទ ឬជនបរទេសនោះទែ ដោយមិនមានការបែងចែកក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជាការងារមនុស្សធម៌មួយ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនបងប្អូនអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចំនួន ២៤៩នាក់ និងកងកម្លាំងលម្ហរសមុទ្រ ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ១០លានរៀល និងអង្គភាពលម្ហរសមុទ្រ ៥លានរៀលទុកប្រើប្រាស់ក្នុងអង្គភាព និងជូនថវិកា ៣ម៉ឺនដុល្លា ដើម្បីសាងសង់អគារស្នាក់ការលើកោះព្រីងផងដែរ៕