ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាកព័ន្ធ។
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ODF ពីក្រុមការងារបច្ចេកទេសរបស់ក្រសួង ដែលបានចុះមកធ្វើការអង្កេតជាក់ស្តែង នៅលើខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដែលបានប្រើប្រាស់បង្គន់អនាម័យ និងតាមទីសាធារណៈ និងមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។ ដោយក្រុមការងារបច្ចេកទេសបានពិនិត្យឃើញថា ខេត្តព្រះសីហនុ មិនមានការបន្ទោបង់ពាសវាលពាសកាល ODF និងត្រៀមរៀបចំប្រគល់ពាន ជាខេត្តទទួលពាន ODF នៅពេលខាងមុខ ហើយការទទួលបាននៅពេលខាងមុខនេះ គឺជាការយកចិត្តទុកដាក់ពី ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលមានទស្សនៈវិស័យខ្ពស់ អំពីសេវាអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត ពិសេសដោយមានការដឹកនាំយ៉ាងស្វាហាប់ ចាត់តាំងច្បាស់លាស់ និងបញ្ចុះបញ្ចូលវិនិយោគគិន ចូលរួមវិនិយោគលើវិស័យអនាម័យសាធារណៈតាមតំបន់ឆ្នេរកម្សាន្តរបស់ខេត្តផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ទីរអភិវឌ្ឍជនបទ ដែលបានផ្សព្វផ្សាយ និងជម្រុញអនាម័យ សុខភាពជនបទទទួលបានលទ្ធផលល្អ ឈានទទួលបានពានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF សម្រាប់ខេត្តព្រះសីហនុ ហើយកម្មវិធីរៀបចំពិធីបិទបញ្ចប់ និងការទទួលពាន ODF យើងគ្រោងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ ដូច្នេះគ្រប់ក្រុង ស្រុក មន្ទីរ អង្គភាពចូលរួមសហការបង្ហាញថា ខេត្តព្រះសីហនុទទួលបានជ័យលាភីពាន ODF ជាខេត្តមិនមានការបន្ទោបង់ពាសវាលពាសកាល យើងត្រូវរៀបចំផែនការ បែងចែកមន្ទីរ អង្គភាព ដើម្បីឱ្យការរៀបចំកម្មវិធីប្រកាស ដើម្បីផលប្រយោជន៍សុខភាពសាធារណៈ និងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់អ្នកចូលរួមអនុវត្ត ODF ឱ្យកាន់តែប្រសើរឡើង ស្តីពីសុខភាពសាធារណៈនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋម្នាក់ៗត្រូវធ្វើជាភ្នែកច្រមុះ ក្នុងស្មារតីរួមចូលរួមការបន្ទោបង់ពាសវាលពាសកាលនៅតាមទីសាធារណ ដើម្បីឈានទៅកម្ពុជា ទទួលបាន ODF នៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងកាន់តែល្អទាំងអស់គ្នានៅពេលខាងមុខ។