ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្ដែងកាគួរសម និងពិភាក្សាការងារជាមួយលោក ហ្សូ លីពីង (XU Leping) អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ នៃសាធារណរដ្ឋ ប្រជាមានិតចិន។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍វត្តមានលោក ហ្សូ លីពីង អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ និងគណៈប្រតិភូមកកាន់ទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ទំនាក់ទំនងការទូតកម្ពុជា-ចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការបង្កើតការផ្លាស់ប្តូរនេះប្រទេសកម្ពុជា រំពឹងថា នឹងអាចស្រូបទាញអ្នកវិនិយោគ និងទេសចរចិន។ ដើម្បីអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន នៃសាធា រណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរដ៏អស្ចារ្យនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា និងទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន។
លោកអភិបាលរងខេត្ត វាយតម្លៃខ្ពស់ចំពោះមហាមិត្តចិន តែងតែផ្តល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និងពេលបច្ចុប្បន្នលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ក្នុងនោះទីក្រុងនីងប៉ បានជួយលើវិស័យបណ្តុះបណ្តាលជំនាញ។ ប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។ ទំនាក់ទំនងប្រទេសទាំងពីរឈរលើមូលដ្ឋានស្មើភាព និងភាពជឿជាក់គ្នាទៅវិញទៅមក និងបានប្រសិទ្ធនាមជា « មិត្តភាពដែកថែប» ជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» និង«សហគមន៍រួម វាសនាតែមួយ»។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្ត មានក្រុង២ ស្រុក៣ ឃុំ២៣ សង្កាត់៦ និងភូមិ១១១ ។ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកខេត្តព្រះសីហនុ អភិវឌ្ឍន៍ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុបានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌… ជាដើម។ ខេត្តព្រះសីហនុ មានប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងធ្វើការអភិវឌ្ឍជា ៣ដំណាក់កាល ដំណាក់កាលទី១ ត្រឹមឆ្នាម២០២៦ ឱ្យមានជម្រៅទឹក ១៤,៥០ម៉ែត្រ នាវាផ្ទុក ៦ម៉ឺនតោនចូលចតបាន ដំណាក់កាលទី២ ២០២៥ ដល់២០២៨ ជម្រៅទឹក ១៦,៥០ម៉ែត្រ នាវាផ្ទុក ១១ម៉ឺនតោនចូលចតបាន ដំណាក់កាលទី៣ ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ មានជម្រៅទឹក ១៧,៥០ម៉ែត្រ នាវាផ្ទុក ទម្ងន់ ១៦ម៉ឺនតោនចូលចតបាន ធ្វើឱ្យនាវាចរាចរណ៍លើពិភពលោកចូលចតបាន ព្រលានយន្តហោះប្រភេទ 4E មានផ្លូវរត់ ៣ ៣០០ម៉ែត្រ មានផ្លូវដែក កំពុងជំរុញធ្វើទំនើបកម្ម ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលៀនទី១ កម្ពុជា សង្ឃឹមថា និងមានផ្លូវល្បឿនលឿនទី២ និងទី៣ នៅពេលខាងមុខ។
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៥ ទី១.តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) ទី២.តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ទី៣.តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ទី៤.តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ ទី៥.តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក ស្ទឹងហាវ ហើយអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន ចំពោះបញ្ហាទឹកស្អាត និងអគ្គិសនី ខេត្តមានគ្រប់គ្រាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាល កំណត់ជាប៉ូលទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោក ហ្សូ លីពីន XU Leping អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ បានថ្លែងអំណរគុណការទទួលស្វាគមន៍ប្រតិភូរបស់លោក ព្រមទាំងបានជំរាបជូនការអភិវឌ្ឍរបស់ទីក្រុងនីងប៉ មានកំពង់ផែអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់របស់ប្រទេសចិន នៅឆ្នាំ២០២៣ GDP ទីក្រុងនីងប៉ ជាប់លំដាប់លេខ១២ ទូទាំងប្រទេស ដែលមានការលើកដាក់ទំនិញ ១ ៣០០ពាន់លានតោន ទទួលបានលំដាប់លេខ១ ជាប់ៗគ្នានៅទូទាំងប្រទេសចិន។ ទីក្រុងនីងប៉ មានសក្តានុពលវិស័យទេសចរណ៍ កំពង់ផែទឹកជ្រៅជាឧត្តមភាព នៃកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងសម្ព័ន្ធភាព ត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ហើយនៅឆ្នាំ២០២៤នេះ ទីក្រុងនីងប៉ បានរៀបចំព្រឹត្តិការណ៍និស្សិតសកលវិទ្យាល័យ ដែលមានខេត្តក្រុងសម្ព័ន្ធភាពចូលរួមផងដែរ។ ឆ្នាំ២០២៤ ជាឆ្នាំនៃព្រឹត្តិការផ្លាស់ប្តូរប្រជាជន នៃប្រទេសទាំងពីរ និងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅចូលរួមព្រឹត្តិការណ៍ជួបជុំនិស្សិតនៅទីក្រុងនីងប៉ផងដែរ។
លោក ក៏បានធ្វើការកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ហើយការវិនិយោគល្អ ប្រតិភូនឹងស្វែងយល់ពីសក្តានុពលវិនិយោគនៅលើផ្នែកមួយចំនួន។ លោកសង្ឃឹមថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសភាពាណិជ្ជកកម្មទីក្រុងនីងប៉ និងធ្វើការងារជាមួយគ្នា ដើម្បីជំរុញឱ្យមានការវិនិយោគមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ហើយកិច្ចសហប្រតិបត្តិការរវាងទីក្រុងនីងប៉ និងខេត្តព្រះសីហនុ ទទួលបានសុភមង្គលវាសនារួមរវាងទីក្រុងនីងប៉ និងខេត្តព្រះសីហនុ កាន់តែល្អនាពេលខាងមុខ៕