នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ នៅបរិវេណវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ អង្គភាពនិងមេឃុំ ក្រុមប្រឹក្សាឃុំ គណៈកម្មការអាចារ្យតាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា មានសង្ឃដីការអបអរសាទរពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងប្រកបដោយព្រះបញ្ញាណចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងវិស័យសាសនា ក៏ដូចជាសង្គមជាតិទាំងមូលទទួលបានលទ្ធផលល្អជាទីមោទន ហើយសកម្មភាពទាំងនេះ ផ្តល់វិភាគទានយ៉ាងធំធេងជាមួយរាជរដ្ឋាភិលបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកទឹកចិត្តចំពោះការដឹងគុណចំពោះមេគណខេត្ត ដែលបានខិតខំកសាងសមត្ថភាព អំពើល្អ កេរ្តិ៍ឈ្មោះ កិត្តិយសប្រកបដោយមោទនភាព។ ការបើកបវេសនកាលឆ្នាំ២០២៤ ២០២៥ នៅទូទាំងខេត្តព្រះសីហនុ វាមានសារៈសំខាន់សម្រាប់សមណសិស្ស សិស្សថ្មី និងសិស្សចាស់បានចូលរៀនឆ្នាំសិក្សាថ្មីនេះ ត្រូវគ្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អពីការសិក្សា ឱ្យក្លាយខ្លួនជាសិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសាសនា។ ជាការពិតណាស់ពិធីបើកបវសនការពុទ្ធិកសិក្សាដែលយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តពីរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងគាំទ្រវិស័យព្រះពុទ្ធសាសនា ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៤-២០២៥នាឱកាសនេះ ស្របពេលដែលប្រជាជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ សូមចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលត្រូវបានសម្តេចមហាសង្ឃរាជស្តីទី តែងតាំងជាព្រះមេគណខេត្ត បន្តពីព្រះវិមលសាគរ ហ្វាន់ ហឿង អតីតព្រះមេគណខេត្ត ដែលបានទទួលអនិច្ចធម្មទៅកាលពីខែកញ្ញា ឆ្នាំ២០២៣។ ការតែងតាំងនេះ ពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ គុណវឌ្ឍ និងស្នាព្រះហស្តដែលព្រះវិមលសាគរបានខិតខំបូជាព្រះកាយចំពោះសាសនា និងសង្គមជាតិ។ ទន្ទឹមនេះ សូមអបអរសាទរដល់ការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤-២០២៥ ដែលជាឱកាសសម្រាប់សមណសិស្ស សិស្ស សមណនិស្សិត បានសិក្សារៀនសូត្រ គោរពប្រតិ បត្តិទៅតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា សំដៅប្រែក្លាយព្រះសង្ឃដែលជាយុវ បព្វជិត ឱ្យបានក្លាយទៅជាបណ្ឌិត បញ្ញវន្ត ចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។
ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្នុងនាមក្រសួងធម្មការ និងសាសនា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលទទួលបានការតែងតាំងនូវសមណសក្តិ ដ៏សក្តិសមនាពេលនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ ព្រះបញ្ញាញាណចូលរួមក្នុងសកម្មភាពផ្សេងៗ ពិសេសខាងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការចូលរួមក្នុងសង្គមជាតិទទួលបានលទ្ធផលល្អគួរជាទីមោទនៈក្នុងរយៈកាលកន្លងមក។ សកម្មភាពទាំងនេះ គឺផ្តល់វិភាគទានយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ខ្ញុំសូមគាំទ្រ និងលើកទឹកព្រះទ័យដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនៅក្នុងខេត្តព្រះសីហនុ ឱ្យខិតខំបង្កើនសមត្ថភាព ចំណេះដឹង និងកសាងនូវអំពើល្អថែមទៀត ដើម្បីរួមចំណែកកសាងកិត្យានុភាពរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានកិត្តិយស និងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀតប្រកបដោយមោទនភាព។