ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ(សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ)នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន(ចេជាងហ្គ័រជី)ដែលស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មករនិយោជិតចំនួន ៨០០នាក់។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤នេះ រលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពរបស់និយោជិក កម្មករនិយោជិត មាននៅក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់បានខិតខំសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការអនុវត្តប្រកបដោយជោគជ័យ ក្នុងការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងមក។
ឯកឧត្តម អភិបាលខេត្ត បន្តថាដោយរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក កម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនដែលពីមុនមិនមានរបបសោធននិវត្ត តែឥឡូវនេះបានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ ផ្តើមចេញពីបុគ្គលស្វ័យនិយោជកនៅពេលចាស់ មានប្រាក់កាន់តែច្រើន បងប្អូនទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធតាមច្បាប់កំណត់ សុំឱ្យបងប្អូនស្វែងយល់ពីអត្ថប្រយោជន៍ដោយផ្ទាល់ ទាក់ទងនឹងប្រាក់សោធននិវត្តន៍នេះ។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើបងប្អូនកម្មករ និយោជិតមានជំងឺអាចទៅព្យាបាលនៅមន្ទីរពេទ្យតាមរយៈមានប័ណ្ណ (ប.ស.ស) ក្នុងនោះរាជរដ្ឋាភិបាលបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយ ១លើក ទទួលបានថវិកា ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំ និងអំពាវនាវដល់រោងចក្រ សហគ្រាស រួមទាំងបងប្អូនកម្មករនិយោជិត ត្រូវយល់ថា រោងចក្រជាកន្លែងប្រភពចំណូលផ្គតផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ មានសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ដូច្នេះសូមឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅនេះ វាផ្ដល់អត្ថប្រយោជន៍ដល់បងប្អូននៅពេលក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកម្មករ និយោជិតចំនួន ៨០០នាក់ក្នុងម្នាស់ទទួលបាន ២ម៉ឺនរៀល ចំពោះអ្នកមានផ្ទៃពោះចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀល៕