ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម សុខ សាកល ព្រមទាំង លោកជំទាវ អញ្ជើញចូលរួម ពិធីអាហារ ស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនា ឥស្លាមកម្ពុជា ដែលប្រព្រឹត្តទៅ នៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុុ។
ពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន គឺជាពិធីតមមិនញាុំអាហារ របស់ជនជាតិឥស្លាម មុនពេលថ្ងៃរះ រហូតដល់ក្រោយថ្ងៃលិច ក្នុងរយៈពេលមួយខែ ហើយជាកាតព្វកិច្ចមួយ ក្នុងចំណោមកាតព្វកិច្ចសំខាន់ ទាំងប្រាំរបស់សាសនិកឥស្លាម ។
នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន មានប្រសាសន៍ សំណេះសំណាល សួរសុខទុក្ខ និងកោតសរសើរ ដល់បងប្អូន ខ្មែរឥស្លាមទាំងអស់ ដែលចេះស្រឡាញ់រាប់អានគ្នា ក្នុងភាតរៈ ប្រកបដោយសាមគ្គីភាព។ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រមទាំងគោរពច្បាប់រដ្ឋ និងច្បាប់ចរាចរណ៏ ផងដែរ។ ភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញ ចូលរួមពិសារភោជនាហាររួមគ្នា ជាមួយបងប្អូនខ្មែរឥស្លាម ក្នុងពិធីនេះប្រកបដោយ ភាពរីករាយ ស្និទ្ធស្នាលក្រៃលែង។
ឯកឧត្តម យន្ត មីន បានឧបត្ថម្ភទឹកប្រាក់ចំនួន ១,២០០,០០០រៀល ($300) ជូនដល់សារ៉ាវនេះ ដើម្បីធ្វើម្ហូបអាហារ ជូនសាសនិកឥស្លាមនៅទីនេះផងដែរ៕ TR
រូបភាព