សូមជម្រាបជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងអំពីទីតាំង និងកាលវិភាគនៃការរៀបចំកម្មវិធីកំសាន្តសប្បាយ ក៏ដូចជាបង្ហាញខ្សែផ្លូវដែលមានការកក់ស្ទះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ លើផេកផ្លូវការរបស់រដ្ឋបាលខេត្ត និងសារព័ត៌មានជាច្រើនទៀត។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចដើមឈើចាំស្នេហ៍ ស្ថិតនៅតាមបណ្តោយវិថីជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបុរសម្នាក់ រួមជាមួយក្រុមគ្រួសារបានធ្វើដំណើរតាមបណ្តោយវិថីជំទាវម៉ៅ ដែលជាខ្សែផ្លូវមានការកក់ស្ទះ ហើយ បន្ទាប់មកបុរសរូបនោះបានចេញពីក្នុងរថយន្ត ដោយខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងផង បានធ្វើការផ្សាយផ្ទាល់នៅក្នុងផេកសារព័ត៌មាន CSL News 24ម៉ោង ដោយប្រើកាយវិការ និងភាសាមិនសមរម្យ ធ្វើការជេរប្រមាថមកលើថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។ បើតាមការបញ្ជាក់ឱ្យដឹង គឺគាត់មានតួនាទីជាអ្នកសារព័ត៌មាន CSL។ ដូច្នេះជាការសំណូមពរ សូមឱ្យក្រសួងព័ត៌មាន និងស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការលើបុគ្គលដែលជ្រកក្រោមស្លាកសារព័ត៌មាន ដែលប្រព្រឹត្តទង្វើផ្ទុយអំពីក្រមសីលធម៌ វិជ្ជាជីវៈ និងបំពានសិទ្ធិអ្នកដ៏ទៃទៅតាមច្បាប់។