Home / ព័ត៌មានទូទៅ / គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន សមាជិកគណៈកម្មាធិការប្រជាជនខេត្ត និងជានាយកមន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចខេត្តគៀនយ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងឈានចូលមកដល់នាពេលខាងមុខ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណគណៈប្រតិភូខេត្តគៀនយ៉ាង បានអញ្ជើ់ញសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជំនួសមុខឱ្យអភិបាលខេត្ត គណបក្សខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងរយៈពេល ៤៥ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ខេត្តទាំងពីរបានចងសម្ព័ន្ធមេត្រីភាព។ ដោយឡែកក្រៅពីខេត្តគៀនយ៉ាង យើងមានខេត្តបាក់លីវ ផងដែរ កិច្ចសហប្រតិបត្តិការវាងខេត្តយើងទាំងពីរទទួលបានផ្លែផ្កាល្អ ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែននៃប្រទេសទាំងពីរ បង្កឱ្យប្រជាពលរដ្ឋរកស៊ីទទួលទានប្រកបដោយសុខសន្តិភាព។ ខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង បានបន្តកិច្ចសហប្រតិបត្តិការ ស្តីពីកិច្ចសហការនៃការុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពាលីកាលពីសម័យសង្គ្រាមនៅកម្ពុជា។
លោកអភិបាលរងខេត្តបានបន្តថា ចំណងការទូតកម្ពុជា វៀតណាមតាំងពីឆ្នាំ១៩៦៧ មកម្លេះ ឆ្នាំ២០២៤ គឺជាឆ្នាំទី៥៧ នៃកាទូតរវាងកម្ពុជា វៀតណាម ដែលជាសក្ខីភាពបង្ហាញពីការផ្លាស់ប្តូរប្រតិភូការសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រទេសនីមួយ យើងបន្តសកម្មភាពបន្តទៀត ដើម្បីកិច្ចសហការលើគ្រប់វិស័យ ពិសេសនៅតាមព្រំដែនទទួលបានសុខសន្តិភាព។ ហើយឆ្នាំនេះយើងបានបញ្ជូនគណៈប្រតិភូ កសិកម្មទៅខេត្តគៀនយ៉ាងទទួលយកនូវបទពិសោធន៍ល្អ សម្រាប់ធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុផងដែរ មន្ទីរ អង្គភាពផ្សេងនឹងបន្តកិច្ចសហការដកបទពិសោធន៍ជំរុញការអភិវឌ្ឍលើវិស័យផ្សេងៗក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើន។ ចំពោះវិស័យសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែនមានភាពល្អប្រសើរ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម។ សូមថ្លែងអំណរគុណប្រតិភូខេត្តគៀនយ៉ាង ដែលបានអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងប្រជាជនខេត្តព្រះសីហនុ។
លោក ដាំង ហុងស៊ីន ជាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត និងជានាយកមន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចខត្តគៀនយ៉ាង សូមអបអរសាទរដែលរដ្ឋបាលខេត្តទទួលប្រតិភូខេត្តគៀនយ៉ាង ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព ឆ្នាំថ្មីឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចបក្ស រដ្ឋប្រគល់ជូន។ ខេត្តយើងទាំងពីរបន្តកិច្ចសហប្រតិបត្តិការលើវិស័យ។
ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ ក៏ផ្តល់ព័ត៌មានពីសេដ្ឋកិច្ចសង្គមរបស់ខេត្តគៀនយ៉ាង ការផលិតស្រូវទទួលបានទិន្នផលជាង ៥លានតោន វិស័យវារីវប្បកម្ម បង្គារ ត្រី ទិន្នផលឧស្សាហកម្ម និងកៀគរភ្ញៀវទេសចរបានល្អប្រសើរ ចំពោះវិស័យការពារសន្តិសុខត្រូវបានពង្រឹង ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការកើនឡើង។ ដោយមើលឃើញពីការរីកចម្រើនរបស់ខេត្តព្រះសីហនុ និងជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានាពេលកន្លងមក ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខេត្តយើងទាំងពីរនិងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានដូចជា កសិកម្ម នេសាទ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងអនុវត្តតាមសន្និបាតកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែនប្រទេសទាំងពីរលើកទី១២។ តាមពាក្យស្លោក ភូមិផងរបងតែមួយបានល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងលើគ្រប់វិស័យ។
លោក ដាំង ហុងស៊ីន ប្រធានគណៈប្រតិភូខេត្តគៀនយ៉ាង បានបន្តថា សូមជូនពរគណបក្សខេត្ត ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រជាជនខេត្តព្រះសីហនុ មានសុខភាពល្អ ទទួលបានជ័យជំនះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ៕