ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាល កម្ពុជាកំណត់យកជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពត, លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង(ក.ប.ស.ផ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួន។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបន្ស៊ីគ្នាជាមួយសក្តានុពលនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
ជាលទ្ធផល, អង្គប្រជុំបានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ។ ក្រុមការងារលេខាធិការដ្ឋាន ក.ប.ស.ផ. នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណនេះ ក្នុងគោលបំណង ដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។