Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង -ធានាការ នេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ -លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេសសម្រាប់ការរៀបចំបង្កើតព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី មិនគិតពីការនឿយហត់ រហូតដល់ព្រែកកំពង់ស្មាច់ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រនាពេលនេះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា មុនដល់ដំណាក់កាលនេះ យើងបានជួបបញ្ហាប្រឈមជាច្រើន នៃការថែរក្សា អភិរក្សបានធ្វើការសម្របសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ យើងនៅមានបញ្ហាប្រឈមយ៉ាងច្រើនមុនការសម្រេចចិត្ត ឈានទៅស្នើសុំក្រសួងដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ទន្ទឹមនោះយើងធ្វើការកែលម្អរ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត យើងក៏ត្រៀមទទួលយកការដោះស្រាយនៅពេលខាងមុខ។ ហើយថ្ងៃនេះយើងអាចចាត់ទុកជាជោគជ័យដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តរបស់យើង ទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នាដឹកនាំចាត់ចែងថែរក្សា អភិរក្សបន្តទៀត។ ស្នើសុំឱ្យក្រុមការងារធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីផលប្រយោជន៍ប្រកបដោយចីរភាព រួមទាំងកន្លែងការពារជលផល សុំឱ្យមានការឯកភាពពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ចូលរួមដោយផ្ទាល់ ប្រសិនបើយើងមិនគិតគូរពីថ្ងៃនេះទេ វានឹងហិនហោចនៅពេលខាងមុខ។ សូមចូលរួមថែរក្សា ការពារ អភិរក្សដោយផ្ទាល់ ហើយអ្វីដែលយើងខិតខំ គឺដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ កុំកាប់រានព្រៃកោងកាង កុំពង្រីកបន្ថែម។ ចំពោះបុគ្គលគ្មានស្មារតីអភិរក្សមិនអនុញ្ញាតិឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាព្រៃកោងកាងឱ្យដុះលូតលាស់នៅក្នុងសហគមន៍ខ្លួនឯង ពិសេសត្រូវចេះកែច្នៃ សក្តានុពល សេដ្ឋកិច្ចពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែលយើងរកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍របស់យើង ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍កាន់តែប្រសើរឡើង។
ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់គោលដៅគោលនយោបាយយុទ្ធសាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅ៖ ទី១-ការសម្រាលនូវផលប៉ះពាល់ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងការលើកកម្ពស់ឥណទានបៃតង ទីផ្សារកាបូនជាដើម។ ទី២-ការសម្របតាមការ ប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាន នៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញការវិនិយោគ សាធារណៈដែលមានភាពធន់ ពង្រឹងប្រព័ន្ធប្រកាសអាសន្នជាមុន ខិតខំប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប និងវិធានការសរុប ដើម្បីការពារអាយុជីវិត សុវត្ថិភាព សុខភាព និងផ្តល់ស្បៀង អាហារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ដូចដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់អនុវត្តជាប្រចាំ ដោយឈរលើគោលការណ៍ គ្មានប្រជាជនណាម្នាក់ដែលជួបទុក្ខលំបាក និងគ្មានលទ្ធភាពដោះស្រាយ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគមន៍ ព្រែកកំពង់ស្មាច់ ប្រកបដោយភាពរីករាយ៕