Home / ព័ត៌មានទូទៅ / ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី

ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី

រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី។
ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរាបជូនពីការស្នើសុំបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាពរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុ ឆ្លើយតបតាមសំណើររបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជំរាបឯកឧត្តមកាលពីជំនួបលើកទី១ កាលពីឆ្នាំ២០២៣ថា ប្រជាជនឥណ្ឌូនេស៊ីមករស់នៅខេត្តព្រះសីហនុ មានចំនួនច្រើន ក៏ប៉ុន្តែពួកគេមិនសូវចេះថែទាំសុខភាព ដើម្បីជាការឆ្លើយតបទៅនឹងការណែនាំរបស់ឯកឧត្តម អភិបាលខេត្ត ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងរៀបចំការតាំងពិព័រណ៍ សុខភាព និងផលិតផលសុខភាពរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ក្នុងនោះថ្ងៃទី ១.បើកវេទិការផ្តល់យោបល់ផ្នែកសុខភាពគឺសម្រាប់តែប្រជាពលរដ្ឋឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ថ្ងៃទី២.រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលសុខភាពដែលអាចចូលរួមបានទាំងប្រជាជនខ្មែរ និងឥណ្ឌូនេស៊ី ហើយផលិតផលទាំងនោះមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាស្រាប់ ទន្ទឹមនោះ ក៏មានក្រុមគ្រូពេទ្យឥណ្ឌូនេស៊ី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ជួយពិនិត្យព្យាបាល និងប្រឹក្សាជំងឺដោយឥតគិតថ្លៃផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើសុំឱ្យមានវាគ្មិនកម្ពុជា ចូលរួមជាមួយ វាគ្មិនឥណ្ឌូនេស៊ី ផ្សព្វផ្សាយស្តីពីសុខភាពជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងប្រជាជនកម្ពុជា។ ក្នុងនោះក៏មានការផ្សព្វផ្សាយសុខភាពមាតានិងទារកផងដែរ។ ឯកឧត្តម ក៏បានស្នើសុំ ១.ឱ្យអភិបាលខេត្តព្រះសីហនុចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាពនៅថ្ងៃទី៨ ខែមិថុនា ២០២៤។ ២.ជួយផ្សព្វផ្សាយព័ត៌មានស្តីពីពិព័រណ៍សុខភាព និងផលិតផលសុខភាពរបស់ស្ថានទូតឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ។ ៣.ស្នើសុំដៃគូរចូលរួម មានដូចជា គ្លីនិកឯកជន ឬមន្ទីរពេទ្យខេត្តចូលរួមជាមួយគ្នា។ ក្នុងការបើកព្រឹត្តិការណ៍សុខភាព និងផលិតផលសុខភាពនៅលើទឹកដីនៃខេត្តព្រះសីហនុ មានស្តង់ចំនួន១០ ដាក់តាំងផលិតផលសុខភាព។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍របស់ស្ថានទូតឥណ្ឌូនេស៊ីនៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ហើយលោកនឹងយកសំណើររបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទៅជំរាបជូនឯកឧត្តម អភិបាលខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់ស្ថានទូត ហើយរដ្ឋបាលខេត្តនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាពរបស់ឥណ្ឌូនេស៊ីនៅលើទឹកដីខេត្តព្រះសីហនុ និងសូមស្វាគមន៍ចំពោះអ្នកវិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងបំពេញការងារ រកស៊ីនៅក្នុងខេត្តព្រះសីហនុ ព្រោះមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីធ្វើការនៅខេត្តព្រះសីហនុមានចំនួនច្រើន យើងខិតខំជួយសម្របសម្រួលទាក់ទងនឹងការបើកព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តព្រះសីហនុ ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរយៈពេល ៦៥ឆ្នាំ និងមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១១ ៦៤៩នាក់ ស្រី ២ ៤៨៨នាក់ ស្នាក់នៅតាមគោលដៅសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សហគ្រាស ។ល។ និងសុំឱ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុទទួលបានសុខសុវត្ថិភាព។
លោក អភិបាលខេត្តស្តីទី ក៏បានជំរាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ មានក្រុង២ ស្រុក៣ ស្មើនឹង ២៩ឃុំ សង្កាត់ និងមាន ១១១ភូមិ។ ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរនាទិសនារតី នៃប្រទេសកម្ពុជា ដែលមានសក្តាពនុពលវិនិយោគ និងទេសចរណ៍ ខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា រាជរដ្ឋាភិបាលកំពុងសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ JICA ជប៉ុន អភិវឌ្ឍកំពង់ផែជាដំណាក់កាលៗ ដំណាក់កាលទី១.២០២៣-២០២៦ ពង្រីកជម្រៅទឹក ១៤,៥០ម៉ែត្រ ទី២.២០២៥-២០២៨ ពង្រីកជម្រៅទឹក ១៦,៥០ម៉ែត្រ និងទី៣.២០២៦-២០២៩ ពង្រីក ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបាន។ ព្រលានយន្តហោះ មានផ្លូវរត់ ៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នពេញ មកកាន់ខេត្តព្រះសីហនុ និងផ្លូវដែកមិនទាន់ទំនើប រាជរដ្ឋាភិបាលស្វះស្វែងរកដៃគូវិនិយោគពង្រីកគុណភាពលើការដឹកជញ្ជូន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៣ទីតាំង កំពុងដំណើការនាពេលបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគនៅខេត្តព្រះសីហនុ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ១៣១ក្រុមហ៊ុន ក្រុមហ៊ុនវិនិយោគចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តមានចំនួន ៤ក្រុមហ៊ុន។ រាជរដ្ឋាភិបាលបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលចាប់ផ្តើមបើការដ្ឋានសាងសង់នៅឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២១ មានផ្លូវ ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលថ្មីៗជាច្រើនទៀតកំពុងកើតមាននៅលើទឹកដីនៃខេត្តព្រះសីហនុ៕