នាព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២៤ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និង ធុរជន» ស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា-ណាចក្រកម្ពុជា ។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និង វិស័យឯកជន ដែលរួមមានវិនិយោគិន និង ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និង ឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ម្ចាស់អគារជាប់គាំង សរុបប្រមាណ ១៨០ នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ពន្យល់ច្បាស់ និង ត្រឹមត្រូវអំពីកម្មវិធីពិសេស, លើកទឹកចិត្ត និង ជំរុញវិនិយោគិន និង ធុរជនដាក់ពាក្យស្នើ, និង រៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស ។
ថ្ងៃនេះ, ក្រុមការងាររៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីធ្វើឱ្យមានលក្ខណៈសាមញ្ញ និង បង្កលក្ខណៈងាយស្រួល ដល់អ្នកចូលរួម ពិសេសវិនិយោគិន និង ធុរជន អាចចូលរួមក្នុងការលើកឡើងនូវមតិ ឬ សំណួរ និង ការស្នើផ្សេងៗ ដោយចំហរ ដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ ជាមួយនេះ, ក្រុម-ការងារ និង មន្ត្រីជំនាញពីក្រសួងស្ថាប័ន ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មាន, ប្រឹក្សាយោបល់ និង ជួយសម្របសម្រួល សំដៅដោះស្រាយសំណូមពរ និង បង្កបរិយាសល្អប្រសើរ ពិសេស ការបង្កើនជំនឿទុកចិត្តវិនិយោគ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្ត
ព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលស្នើសុំ និង អនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖ ១) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង, និង ៣) ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ។ ដោយផ្អែកលើប្រភេទគម្រោងទាំងនេះ, រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស។
យោងតាមកម្មវិធីពិសេស, ជារួមការលើកទឹកចិត្តផ្នែកសារពើពន្ធមានដូចខាងក្រោម៖
១). ការផ្តល់ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ
២). ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និង ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ
៣). ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក
៤). ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និង
៥). ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥ ។
ជាមួយនេះ, រាជរដ្ឋាភិបាលក៏ផ្តល់ការលើកទឹកចិត្តមិនមែនពន្ធ ដែលមានដូចខាងក្រោម ៖
១). ការលើកលែងការបង់ថ្លៃសេវាសាធារណៈនៃការស្នើលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និង លិខិតបិទការដ្ឋាន និង វិញ្ញាបនប្រើប្រាស់សំណង់,
២). ការសម្រួលនីតិវិធីលើការចុះបញ្ជី រួមទំាងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ការចុះបញ្ជីសហគ្រាស,
៣). ការសម្របសម្រួលចំពោះនីតិវិធីដែលពាក់ព័ន្ធចំពោះធុរកិច្ច និង ការវិនិយោគ,
៤). ការសម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅតុលាការ,
៥). ការផ្តល់ទិដ្ឋាការរយៈពេល ៣ ឆ្នាំសម្រាប់ការទិញ ឬ ជួលរយៈពេលវែងនៃទ្រព្យសម្បត្តិដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក និង
៦). ការពន្លឿននីតិវិធីគយនៅពេលភ្ញៀវមកដល់ និង ត្រឡប់ទៅវិញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេសនេះ ទទួលបានជោគជ័យក៏អាស្រ័យទៅលើការចូលរួម និង ការជឿទុកចិត្តពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាល ថានឹងគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ និង ពេញលេញ។ ក្រុមការងារដែលត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាល ឱ្យដឹកនាំ និង សម្របសម្រួលការអនុវត្តកម្មវិធីពិសេសនេះ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីពិសេសនេះយ៉ាងសកម្ម និង ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា វិស័យឯកជននឹងទទួលបានអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល ។ ទន្ទឹមនេះ, ក្រុមការងារនឹងរង់ចាំគាំទ្រ និង ជួយវិនិយោ-គិន និង ធុរជន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ឬធ្វើសកម្មភាពធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ។
ក្នុងស្មារតីនេះ, ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ។