ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ ១៧៥គីឡូ ម៉ែត្រ កោះ៣២។ ខេត្តព្រះសីហនុ បានក៏សាងឡើងដោយស្នាមព្រះហស្មរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅក្រោយពីទទួលបានឯករាជ្យ ហើយសហរដ្ឋអាមេរិកក៏បានជួយសាងសង់ផ្លូវជាតិលេខ៤។ ក៏ប៉ុន្តែប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការអភិវឌ្ឍមានការថមថយ។ ក្រោយរំដោះ រាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងប្រទេស ក៏ប៉ុន្តែកម្ពុជានៅតែមានសង្គ្រាមស៊ីវិល ក្រោយពីមានកិច្ចចរចាររកសន្តិភាពកម្ពុជា និងបានរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ ក៏ប៉ុន្តែកម្ពុជានៅតែបន្តមានសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ កម្ពុជាមានសុខសន្តិភាពពេញលើផ្ទៃប្រទេស កម្ពុជាចាប់ផ្តើមធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។ ដោយឡែកខេត្តព្រះសីហនុ ចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ២០១៥ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន ធ្វើឱ្យអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន មកធ្វើការវិនិយោគជាបន្តនៅខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក ៩,៥០ ទៅ ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់នៅឆ្នាំ២០២៦ និងបន្តជំហានទី៣ និងទី៤ មានជម្រៅទឹតរហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការដឹកជញ្ជូនតាមផ្លូវសមុទ្រវាមានសារសំខាន់និងចាំបាច់។ ខេត្តព្រះសីហនុ មានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ ខេត្តផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន គួបផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះ ភ្ញៀវបរទេសជនជាតិអ៉ឺរ៉ុប មានចំនួនច្រើនសឹងក្លាយជាភូមិអ៉ឺរ៉ុបផងដែរ។
លោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តម អភិបាល បានអនុញ្ញាតិឱ្យលោកចូលជួបសម្តែងការគួរសម និងកើតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត មានហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនានា។ លោកមានទំនុកចិត្តលើការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ទោះបីជួបវិបត្តិកូវីដ-១៩ មានការប៉ះពាល់ដល់សេដ្ឋកិច្ចសកល តែខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងអបអរការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ ពិសេសការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លងមកនេះ។ ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មានលក្ខណភូមិសាស្ត្រស្រដៀងគ្នា និងវាយតម្លៃខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។
លោក EI Mostafa TRIFAIA បានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតជិត ៣០ឆ្នាំមកហើយ លោកចង់ឃើញមានការចុះ MOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅពេលខាងមុខ៕