ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការអាចារ្យ តាជី យាយជី ក្មួយៗយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរសមិទ្ធផលសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន កើតឡើងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើវិបស្សនាធុរៈអប់រំផ្លូវចិត្ត គោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ កម្ពុជាបានផ្តល់តម្លៃលើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី ទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធ ផលនានាប្រកបដោយមហាសាមគ្គីភាពដ៏ស្អិតរមួត និងស្និទ្ធស្នាលបំផុតក្នុងវិស័យព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពដែលប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា មានសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលសភាពការណ៍អន្តរជាតិ និងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ មានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែងការផ្តល់តម្លៃដល់ការប្រកាន់យកភាពអហិង្សា ការអត់អោន ការយកចិត្តទុកដាក់ ការគោរពប្រតិបត្តិ សេចក្តី ស្រលាញ់មេត្តា និងករុណាបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្សដែលមានចំណេះដឹង និងគុណធម៌សម្រាប់ថែ រក្សាការពារ និងកសាងប្រទេសជាតិស្ថិតលើមាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់ជាពន្លឺនៃការដឹកនាំជីវិត និងការបំពេញវិជ្ជាជីវៈរបស់ពុទ្ធសាសនិកជន។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរសមិទ្ធផលនានាដែលកំពុងកើតមានក្នុងខេត្តរបស់យើង ដែលចូលរួមពីសប្បុរសជនក្នុងការកៀគរថវិកាចូលរួមកសាងតាមចនាបទ វប្បធម៌របស់ខ្មែរ និងចូលរួមចំណែកក៏សាងជាបន្តបន្ទាប់ទៀត។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការសាងសង់ត្រូវមានផែនការជាក់លាក់ រៀបចំប្លង់គោលតាមតម្រូវការជាក់ស្តែង ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងរបស់ទីអារាម ស្របតាមក្បួនខ្នាតទម្រង់បែបបទរបស់ខ្មែរ យើងត្រូវការកសាងជាជំហានៗ និងឆ្លុះបញ្ចាំងពីរចនាបទ។ ទីអារាមវត្តវិបស្សនាធុរៈជារមនីយដ្ឋានទេសចរណ៍វប្បធម៌សម្រាប់ភ្ញៀវទេសចរបរទេស ដែលជាកសិផលរបស់ប្រជាពលរដ្ឋនៅទីនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ ទាក់ទងនឹងវិបស្សនាធុរៈមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋយ៉ាងច្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋកម្ពុជា។ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយជារឿងមួយសំខាន់មិនអាចខ្វះបាន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ដែលបងប្អូន ព្រះសង្ឃបានចូលរួមបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការនៃកត្តាសុខសន្តិភាព និងសុខសុវត្តិភាពនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា សាលាវិបស្សនាធុរៈ ១ខ្នង មានបណ្តោយ ៣៩ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់ ១៦.២ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី តាមរចនាបទខ្មែរចំណាយថវិកាសរុបចំនួន ៥៩៧.៨៧០ដុល្លាអាមេរិក ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងបរិវេណវត្ត៕