ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញស្វាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ូន ឆុន យ៉ាង ទីក្រុងសេអ៊ូល ដែលសហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង (រាជធានីភ្នំពេញ) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះសមានចិត្តដ៏ថ្លៃថ្លា របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសកល វិទ្យាល័យវេជ្ជសាស្ត្រ ស៊ូន ឆុន យ៉ាង ប្រទេសកូរ៉េ, ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យអង្គឌួង, និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជួយពិគ្រោះពិនិត្យជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ការពិនិត្យសុខភាពរួមគ្នានេះ ជាការផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យចំណានៗមកពីសកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ បានផ្តល់លទ្ធភាពឱ្យក្រុមគ្រូពេទ្យនៅខេត្តព្រះសីហនុ បានផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតទំនាក់ទំនងល្អជាមួយដៃគូវេជ្ជសាស្ត្រទាំងក្នុង និងក្រៅតំបន់។
លោកអភិបាលរង បានបង្ហាញសុទិដ្ឋិនិយម និងមានបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការត្រីភាគី នឹងឈានទៅដល់ការចុះអនុសារណយោគយល់ (MOU )ត្រីភាគីរវាងមន្ទីរពេទ្យទាំង៣។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ Park ByungWon ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង ទីក្រុងសេអ៊ូល និងជាប្រធានក្រុមការងារបានថ្លែងអំណរគុណដល់ការទទួលស្វាគមន៍ និងការសម្របសម្រួលរបស់អាជ្ញាធរខេត្តព្រះសីហនុ។ ការពិនិត្យនេះ មានវេជ្ជបណ្ឌិតឯកទេសខាងបេះដូង, ទន្តសាស្ត្រ, ចក្ខុសាស្ត្រ និងផ្នែកជំងឺទូទៅផងដែរ។
លោកបានបន្ថែមថា សាកលវិទ្យាល័យ ស៊ូន ឆុង យ៉ាង និងប្រទេសកម្ពុជាពិតជាមានការស្និតស្នាល ជាមិត្តភក្តិ ដែលមានទំនាក់ទំនងល្អនឹងគ្នារយពេល ២០ឆ្នាំកន្លងមកហើយ។ កន្លងមកមានក្រុមគ្រូពេទ្យកម្ពុជាប្រមាណ ១០០នាក់ បានទទួលការសិក្សានៅសាកលវិទ្យាល័យ ស៊ូន ឆុងយ៉ាង យើងក៏បានជួយព្យាបាលជំងឺប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។ថ្វីត្បិតតែការពិគ្រោះយោបល់ផ្នែកសុខភាពមានរយៈពេលខ្លីត្រឹមតែ ២ថ្ងៃ ក៏ប៉ុន្តែលោកនឹងខិតខំឱ្យអស់ពីលទ្ធភាព និងសង្ឃឹមថា ឱកាសនេះជាឱកាសលើកទី១ តែក៏មិនមែនជាឱកាសលើកចុងក្រោយនោះដែរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខេត្ត។