ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូលសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិការសាលាទាំង១០២ នៃខេត្តព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡា។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា យើងមានមោទនភាពចំពោះវិស័យអប់រំខេត្តព្រះសីហនុ បង្កើតបាននូវធនធានមនុស្ស ហើយការផលិតគ្រាប់ពូជក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ផ្តោតសំខាន់មានដូចជា ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ការផលិតធនធានមនុស្សជារឿងសំខាន់សម្រាប់កម្ពុជា ឱ្យមានគុណភាព ចំណេះដឹង ចំណេះធ្វើ ជំនាញពិតប្រាកដក្នុងដំណើរការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះយើងត្រូវបន្តបណ្តុះបណ្តាលសិស្ស និស្សិតរបស់យើងឱ្យក្លាយជាទំពាំងស្នងឬស្សី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត ទន្ទឹមនោះយើងត្រូវមានមហិច្ឆិតាសម្រាប់គោលដៅអនាគតរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ពេលអនាគតផងដែរ។
ក្នុងឱកាសនោះ លោក អភិបាលរងខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារយ៉ាងសកម្មសំដៅធានាឱ្យសិស្សទទួលបានលទ្ធផលការសិក្សាល្អ ទទួលបានចំណេះធ្វើ ជំនាញ ពិតប្រាកដ និងច្បាស់លាស់។ ខ្ញុំមានមោទនភាពចំពោះការបោះជំហានរបស់វិស័យអប់រំយុវជន និងកីឡា បានឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តព្រះសីហនុនាបច្ចុប្បន្ន និងអនាគត។ វិស័យអប់រំស្ថិតក្នុងចំណោមវិស័យដែលទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពខ្ពស់ក្នុងបរិបទ នៃការកើនឡើងយ៉ាងរហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអ៉ីនធើណេត។ ភាពជោគជ័យនៃការអភិវឌ្ឍវិស័យអប់រំប្រកបដោយភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិនៅកម្ពុជានាពេលកន្លងមកអាស្រ័យលើកត្តាចំនួន៣ រួមមាន៖
ទី១.សមិទ្ធផល និងប្រសិទ្ធភាពនៃការកែទម្រង់កើតចេញពីភាពជាអ្នកដឹកនាំដ៏រស់រវើក ដោះស្រាយឆ្លើយតបភ្លាមៗទៅនឹងស្ថានការណ៍នឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត។ កម្ពុជារក្សាបាននូវប្រព័ន្ធអប់រំប្រកបដោយភាពធន់ បរិយាបន្នរស់រវើកទាំងក្នុងទិដ្ឋភាពនៃការកំណត់អាទិភាពការកែទម្រង់ការអប់រំ ការបង្រៀន និងការរៀននាំឱ្យសិស្ស និស្សិតទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទារឹងមាំ ស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់ខេត្ត ប្រកបដោយចំណេះដឹង ជំនាញ និងភាពថ្លៃថ្នូរ។ ទី២.តម្រូវការសិក្សាតែងមានការផ្លាស់ប្តូរជានិច្ច គ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងធានានូវនិរន្តរភាពនៃការសិក្សាដល់សិស្ស-និស្សិត។ គ្រូបង្រៀន គឺជាបេះដូងនៃវិស័យអប់រំយុវជន និងកីឡា គ្រូបង្រៀន គឺជាមគ្គុទ្ទេស ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតចាំបាច់ត្រូវមានសមត្ថភាព និងគរុកោសល្យទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងជំនាញនានា រួមបញ្ចូលនូវការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា គឺជាកត្តាគន្លឹះដែលនាំមកនូវភាពជោគជ័យក្នុងការផ្តល់សេវាអប់រំ និងការគ្រប់គ្រងសាលារៀនប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ ទី៣.សាលារៀនបានចូលរួមចំណែកក្នុងការបង្កើតបរិយាកាសដល់ការសិក្សា និងការស្រាវជ្រាវប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ពិសេសការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការ អនុវត្តជាក់ស្តែង។ ការកែទម្រង់សាលារៀនរួមបញ្ចូលនូវការទាក់ទាញ និងការចូលរួមទទួលខុសត្រូវរបស់មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត និងសហគមន៍ក្នុងការគ្រប់គ្រងសាលារៀន ការផ្លាស់ប្តូរវប្បធម៌នៃសាលារៀន និងការបង្កើតបរិយាកាសសិក្សាប្រកប ដោយសុវត្ថិភាពទាំងក្នុងសាលារៀន ក៏ដូចជានៅតាមសហគមន៍។
ខ្ញុំជឿជាក់ថា អង្គសន្និបាតអប់រំនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ បូកសរុបសមិទ្ធផលធំៗ ដែលមន្ទីរអប់រំយុវជន និងកីឡាសម្រេចបានក្នុងឆ្នាំកន្លងមក ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ សូមអង្គសន្និបាតធ្វើការពិភាក្សាស្វែងរកគន្លឹះ និងគំនិតថ្មីៗក្នុងការផ្លាស់ប្តូរយោបល់ ចំណេះដឹង និងចំណេះធ្វើ ព្រមទាំងបទពិសោធន៍ល្អៗក្នុងស្មារតីស្ថាបនាសម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាខាងមុខឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងសំណូមពរថ្មីៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕