លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុទទួលជួបពិភាក្សាការងារជាមួយលោកវរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន
_______________
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានតំណាងឯកឧត្តមអភិបាលខេត្ត ទទួលជួបពិភាក្សាការងារជាមួយលោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន ដែលបានដឹកនាំនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន០២គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។
លោកអភិបាលរងខេត្ត បានទទួលស្វាគមន៍ និងថ្លែងអំណរលោកមេបញ្ជាការដែលបានដឹកនាំនាវាចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានផ្តល់ឱកាសឱ្យលោកចូលទស្សនានៅលើនាវា និងទទួលទានអាហារយ៉ាងមានឱជារសនៅលើនាវាស្វ័យការពារជើងទឹកជប៉ុន។
លោកអភិបាលរងខេត្ត បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្ត្រ នៃខេត្តព្រះសីហនុ រួមទាំងតំបន់សេដ្ឋកិច្ចពិសេស និងមានសក្តានុពលផ្នែកវិនិយោគ និងទេសចរណ៍។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក។ បេសកកម្មរបស់នាវាទាំងពីរនៅកម្ពុជា នឹងជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងជើងទឹកកម្ពុជា ក្នុងការជួយសង្គ្រោះលើផ្ទៃសមុទ្រ និងការបង្ការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដូចជា ការជួញដូមនុស្ស និងការជួញដូរគ្រឿងញៀនបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ដែលភាគីជប៉ុនរៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដែលនេះជាកិច្ចការល្អ និងជាគំរូ។ ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនអំពីវឌ្ឍភាព នៃការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ជប៉ុន ក្នុងនោះហើយក៏មានតំបន់សេដ្ឋកិច្ចពិសេសដែលជាប់នឹងកំពង់ផែ ដែលមានការវិនិយោគដោយក្រុមហ៊ុនអ៊ីអនផងដែរ។
ជាការឆ្លើយតប លោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION បានកោតសរសើរវាយតម្លៃការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរបស់ខេត្តព្រះសីហនុ ដែលមានអគារខ្ពស់ជាច្រើនបើប្រៀបនឹងកាលដែលលោកបានអញ្ជើញមកពេលមុន។ គោលបំណងនៃការចូលចតរបស់នាវាទាំង២ នាពេលនេះគឺ៖ ដើម្បីជាការហ្វឹកហ្វឺនដល់នាវិកសកម្មតាមសមុទ្រ និងដើម្បីបង្កើនមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជានឹងកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន។
សូមជម្រាបថា ជារៀងរាល់ឆ្នាំនាវាស្វ័យការពារជើងទឹកជប៉ុនតែងចូលចតនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពលើផ្ទៃសមុទ្រ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពជា និងនាវាស្វ័យការពារកង ទ័ពជើងទឹកជប៉ុន។