ការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ការផ្តល់ឈាម គឺជួយសង្គ្រោះអាយុជីវិត ពីស.ស.យ.ក ព្រះសីហនុ
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់ ស.ស.យ.ក ខេត្តព្រះសីហនុ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុបានឱ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ជាទិវា នៃក្តីស្រឡាញ់ ហើយយើងយកទិវានេះ ជាការចូលរួមផ្តល់ឈាមក្រោមប្រធានបទ «ការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»។ ក្នុងនាមជាសមាជិក សមាជិការបស់សហភាពសហព័ន្ធយុវជនកម្ពុជា យើងបានផ្តល់អំណោយឈាមដ៏មានតម្លៃជួយសង្គ្រោះអាយុជីវិតមនុស្សដែលកំពុងត្រូវការជាចាំបាច់។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុបានបន្តថា ថ្ងៃនេះយើងបានសហការជាមួយវិស័យអប់រំ ដើម្បីកៀរគរអ្នកស្ម័គ្រចិត្ត ក្នុងនោះមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមិនជាប់ម៉ោងរៀន និងគ្រប់លក្ខណៈសម្បត្តិនៅតាមសាលារៀនមួយចំនួនមកចូលរួម។ នេះជាមោទនភាព នៃស.ស.យ.កខេត្តព្រះសីហនុ ក្នុងការចូលរួមដោយបានពាក់អាវស.ស.យ.ក មកចុះឈ្មោះផ្តល់ឈាមជួយដល់មនុស្សជុំវិញខ្លួន។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហូ សុទ្ធី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឱ្យដឹងថា ដោយសារកំណើនជនរងគ្រោះមានការកើនឡើង តម្រូវការឈាមសម្រាប់ជួយសង្គ្រោះមានការកើនឡើង ពី ៣ប្លោកក្នុងមួយថ្ងៃ ទៅ ៤ប្លោកក្នុងមួយថ្ងៃជាប្រចាំ។ ដូច្នេះការបរិច្ចាគឈាមនេះ ពិតជាការចូលរួមជាប្រយោជន៍ជួយសង្គ្រោះជីវិតមនុស្សយ៉ាងពិតប្រាកដ។
ការបរិច្ចាគឈាមមិនត្រឹមជួយសង្គ្រោះ ជីវិតអ្នកដែលត្រូវការប៉ុណ្ណោះទេថែមទាំង ផ្តល់ប្រយោជន៍ដល់អ្នកបរិច្ចាកដូចជា៖ ទទួលបានការពិនិត្យឈាមដោយឥតគិតថ្លៃ ដែលប្រសិនបើគាត់មានជំងឺអ្វីមួយក្នុងខ្លួន ក្រុមគ្រូពេទ្យរបស់យើងនឹងរក្សាការសម្ងាត់ចៀសវាងការរើសអើង និងងាយ ស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា ជាងនេះទៅទៀត ការផ្ដល់ឈាមជួយឲ្យសារពាង្គការយើងបង្កើតគ្រាប់ឈាមថ្មី ជំនួសឲ្យគ្រាប់ឈាមដែលបានបូមចេញទៅផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មុននឹងធ្វើការបូមឈាមក្រុមគ្រូពេទ្យធ្វើការពិនិត្យសុខភាពរបស់ពួកគាត់ គិតពីអាយុ ១៧ ដល់ ៦០ឆ្នាំ ទម្ងន់ចាប់ពី ៤៥គីឡូឡើង។