ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក សុខ វណ្ណា ប្រធានកម្មវិធី UN-Habitat បានធ្វេីជាសហប្រធានអង្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍទីក្រុងឆ្លាតទីក្រុងសៀមរាប និងគំនិតផ្តួចផ្តេីមក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតខេត្តព្រះសីហនុ ពីថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៤ដោយមានការអញ្ជេីញចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ លោក-លោកស្រីប្រធានមន្ទីរ ពាក់ព័ន្ធ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងលោក-លោកស្រីជាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តសៀមរាប និងអ្នកជំនាញការកម្មវិធី JICA ប្រចាំខេត្តសៀមរាប ផងដែរ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វេីបទបង្ហាញចែករំលែកបទពិសោធន៍ការអនុវត្តការងារទីក្រុងឆ្លាតរវាងខេត្តព្រះសីហនុ និងបានលេីកឡេីងអំពី ស្ថានភាព និងបញ្ហាប្រឈម ក្នុងខេត្តព្រះសីហនុ ការអភិវឌ្ឍទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ ទស្សនទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ លទ្ធផលការងារទីក្រុងឆ្លាត ការបញ្ជ្រាបការងារអភិវឌ្ឍន៍ទីក្រុងឆ្លាត ក្នុងគោលនយោបាយខេត្តទិសដៅ និងផែនការសកម្មភាព សម្រាប់ទីក្រុងឆ្លាតខេត្តព្រះសីហនុ។
ក្នុងឱកាសនេះលោក អភិបាលរងខេត្ត បានផ្តាំផ្ញេីដល់សិក្ខាកាម យកចិត្តទុកដាក់រៀនសូត្រ សិក្សាឈ្វេងពីគម្រោងទីក្រុងឆ្លាតខេត្តសៀមរាប ជាពិសេសគម្រោងណាដែលអាចយកទៅអនុវត្តបាននៅខេត្តព្រះសីហនុ លេីសពីនេះទៀតការកសាងសមត្ថភាពក្រុមការងារទីក្រុងឆ្លាត ពិតជាចាំបាច់ណាស់សម្រាប់ដេីម្បីគាំទ្រដល់ការងារទីក្រុងឆ្លាត។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានធ្វេីបទបង្ហាញ អំពីការអនុវត្តន៍ទីក្រុងឆ្លាតក្នុងខេត្តសៀមរាប ក្រោមការគាំទ្រពីកម្មវីធីJICA។ សិក្ខាសាលា មានគោលបំណងសម្រេចបាននូវគោលបំណងពង្រឹងសមត្ថភាពសមាជិកក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ តាមរយៈការចែករំលែកចំណេះដឹង កត្តាប្រឈម និងបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែង ជាពិសេសបទពិសោធន៍គម្រោងទីក្រុងឆ្លាតនៅខេត្តសៀមរាប សម្រាប់ជាធាតុចូលជូនដល់សមាជិកក្រុម ការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្តក៏សង្ឃឹមថាតាមរយៈសិក្ខាសាលាមួយនេះ រដ្ឋបាលខេត្តសៀមរាប ជាពិសេសក្រុមការងារទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប នឹងទទួលបាននូវការផ្លាស់ប្តូរចំណេះដឹងថ្មីៗ ព្រមទាំងបទពិសោធដែលខេត្តព្រះសីហនុបានអនុវត្តកន្លងមក និងគ្រោងអនុវត្តនាពេលខាងមុខ ពិសេសលេីកការស្វែងយល់អំពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងសម្រាប់ឆ្នាំ២០២២-២០៣៨។ ជាងនេះទៀតសោត បន្ទាប់ពីសិក្ខាសាលានេះ លោកក៏សង្ឃឹមថា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ និងខេត្តសៀមរាបនឹងបន្តនូវកិច្ចសហការជាមួយគ្នាលើការងារទីក្រុងឆ្លាតវៃឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍទីក្រុងឆ្លាតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាចូលរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅជាទីក្រុងឆ្លាតវៃ។