នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងអង្គការសង្គមស៊ីវិល នៅក្រសួងបរិស្ថាន។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨ នេះគឺជាឯកសារសំខាន់មួយរបស់ ក្រសួងបរិស្ថាន សម្រាប់ប្រើជាផែនទីបង្ហាញផ្លូវក្នុងការរួមចំណែកលើកកម្ពស់ការគ្រប់គ្រង់ និងការការពារតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជានាពេលអនាគត ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ មានទិសដៅស្របគ្នាជាមួយយុទ្ធសាស្ត្រ «បញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព ជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យអាទិភាពដទៃទៀតនៃមុំទាំង៥របស់បញ្ចកោណ។
គួររម្លឹកផងដែរថា បញ្ចកោណទី៤នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ បានផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះ រាជរដ្ឋាភិបាល បានចាត់អាទិភាពកិច្ចការចំនួន៥គឺ៖
(១). ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ
(២). ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព,
(៣). ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ,
(៤). ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម និង
(៥). ការធានាចីរភាពបរិស្ថាន និងការ រៀបចំខ្លួនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។