នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។
លោក គង់ វិតាណៈ អភិបាលរងខេត្ត ជំនួសមុខឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តបាកលីវ និងជូនពរ ថ្នាក់ដឹកនាំខេត្តបាកលីវ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តបាកលីវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១២ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ នេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ដែលប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។ ជាមួយនេះលោក អភិបាលរងខេត្តសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃខេត្តបាកលីវ។
លោក ផ្វាន ថាញ់ស្វ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តបាកលីវ។ ជាមួយគ្នានេះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានជម្រាប់ជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍខេត្តបាកលីវ នៅក្នុងឆ្នាំ២០២៣ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។ ហើយចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ និងខេត្តបាកលីវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយលោកនឹងទទួលការអញ្ជើញរបស់ខេត្តព្រះសីហនុ រៀបចំពេលវេលាដែលសាកសមដើម្បីអញ្ជើញទៅកាន់ខេត្តព្រះសីហនុដ៏ស្រស់ស្អាត ដើម្បីបង្កើនចំណងមិត្តភាពរវាងខេត្តទាំងពីរកាន់តែកក់ក្តៅ។
ក្នុងឱកាសនោះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខេត្តបាកលីវ សូមប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។ គណៈប្រតិភូខេត្តព្រះសីហនុបានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាក់លាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តបាក់លាវ ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ។