រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តដឹកនាំលោក ចេន រ៉េត នាយករងរដ្ឋបាល និងលោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់២ គឺ៖
-ណែនាំ និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ)
-ពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង របាយការណ៍ទី១២ ស្ដីពី ផែនការសកម្មភាព។
ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតប្រធាន អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានផ្តល់មតិយោបល់ប្រកបដោយសារៈសំខាន់ទៅតាមជំនាញរៀងៗខ្លួន ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមការងារធ្វើការកែសម្រួលសេចក្តីព្រាងរបាយការណ៍ទាំង២ខាងលើ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ មានសង្គតិភាព និងគុណភាព ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានចូលរួមដោយផ្ដល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ព្រមទាំងបានស្នើឱ្យក្រុមការងារបានការយកចិត្តទុកដាក់បន្ថែម ជាពិសេសទៅលើការអភិវឌ្ឍធនធានមនុស្សនៅពេលដាក់ឱ្យប្រើប្រាស់នូវផែនការមេខាងលើ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបាន ធ្វើការបូកសរុប ព្រមទាំងផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងារពិនិត្យសុក្រឹតភាព និងលទ្ធភាពដើម្បីធ្វើការកែសម្រួលតាមមតិចូលរួមរបស់អង្គប្រជុំ និងបង្កើនការយកចិត្តទុកដាក់ទៅលើ ការប្រើប្រាស់ពាក្យពេជន៍បន្ថែមទៀត ធ្វើយ៉ាងណាសម្រេចបាននូវសង្គតិភាព មានភាពស៊ីចង្វាក់និងប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា។