រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុសាខាក្រុង ស្រុក និងគណៈកម្មការសាខា មន្ត្រីសាខា នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
លោក សែជូ សិទ្ធិជោតិ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ របស់សាខារយៈពេល ១២ខែ ឆ្នាំ២០២៣ សម្រេចលទ្ធផលបានដូចជា ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបប្រជាពលរដ្ឋរងគ្រោះចំនួន ២ ២០៤គ្រួសារ ស្មើនឹង ២៧លើក ការផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះមានចំនួន ២ ៦៦១គ្រួសារ ស្មើនឹង ១១៧លើក។ សាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទ័លក្រដោយខ្យល់កន្ត្រាក់ ៣ខ្នង។ ២.សុខភាព និងការ ថែទាំសុខភាពក្នុងសហគមន៍ សាខាបានធ្វើការចែកអំណោយដល់ស្ត្រីកំពុងបំបៅកូន ស្រ្តីមានផ្ទៃពោះ កុមាកំព្រា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៣០នាក់។ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ដែលមានទីស្នាក់ការ អនុសាខាចំនួន៤ ក្រុង ស្រុក លើកលែងតែក្រុងកោះរ៉ុង ពុំទាន់មានទីស្នាក់ការអនុសាខាបំរើការងារ ព្រមទាំងបានខិតខំពង្រីកសមត្ថភាពមន្ត្រីនៅតាមអនុសាខាទាំង ៥ក្រុង ស្រុកក្នុងគោលបំណងបំពេញចំណេះដឹង និងការងាររដ្ឋបាលមួយចំនួនក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទោះបីគណៈកម្មការរបស់មិនសូវបានប្រជុំញឹកញាប់នោះទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពបានល្អក្នុងការងារជាច្រើន មានដូចជាការរៀបចំចាត់ចែង ការផ្តល់អំណោយសង្គ្រោះទៅលើគោលដៅដែលមានការពាក់ព័ន្ធ យើងបានធ្វើក្នុងក្របខណ្ឌសាខា អនុសាខាក្នុងសកម្មភាពមនុស្សធម៌ ហើយក៏បានរាយការណ៍ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមនកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខា បានធ្វើការដោះស្រាយនាំយកអំណោយសង្គ្រោះចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ហើយគ្រប់កម្មវិធីនានា មានដូចជាកម្មវិធីស្ត្រី កម្មវិធីអ្នកជំងឺអេដស៍ និងកម្មវិធីផ្សេងៗទទួលបានលទ្ធផលល្អ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមខេត្តព្រះសីហនុ បានណែនាំឱ្យអនុសាខាក្រុង ស្រុក ត្រូវកៀគរថវិកាសម្រាប់គ្រប់គ្រងនៅអនុសាខារបស់ខ្លួនឯងដូចជា ការចំណាយរដ្ឋបាល និងអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនានា។ ទន្ទឹមនោះ យើងត្រូវគ្រប់គ្រងចំណូលឱ្យមានសុវត្ថិភាព គណ នេយ្យភាព តម្លាភាព ដែលជាការរៀនសូត្រក្នុងការគ្រប់គ្រងថវិកា ពិសេសដើម្បីបញ្ជាក់ពីមន្ត្រីថ្នាក់ក្រុង ស្រុករបស់យើងចេះគ្រប់គ្រងអ្វីខ្លះ យើងត្រូវម្ចាស់ការចុះធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ស្របទៅនឹងវិមជ្ឍការហិរញ្ញវត្ថុក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព ព្រោះយើងបានធ្វើការកែទម្រង់រយៈពេលពីរ បីឆ្នាំនេះដែលអាចនិយាយបានថា យើងម្ចាស់ការទ្រទ្រង់ថវិកាខ្លួនឯងបានដោយធ្វើការដោះស្រាយម្ចាស់ការដោយខ្លួនឯងបាន ដោយឡែកចំពោះគ្រោះធម្មជាតិធំៗសាខាកាកបាទក្រហមខេត្ត នឹងចុះប្រតិបត្តិការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕