នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ដែលដឹកនាំដោយលោក Zhan Tin (ចាន់ ធីន) អគ្គលេខាធិការរងក្លឹប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
គោលបំណងនៃការអញ្ជើញមករបស់គណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន (CECC) មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីសេដ្ឋកិច្ចរបស់ខេត្ត និងជាពិសេសឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។ ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងបានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញអំពីបំណង នៃការវិនិយោគទៅលើវិស័យអាទិភាពមួយចំនួនដូចជា វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្មផងដែរ។