Home / ព័ត៌មានទូទៅ / អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគបក្សប្រជាជនកម្ពុជា អំពីសមទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤៥ ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ ៧មករា។ គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជជនគ្រប់កាលទេសៈទោះបីប្រទេសជាតិជួបនូវវិបត្តិផ្សេងៗពិសេសវិបត្តិនៃជម្ងឺកូវិដ-១៩ បានររងផលបះពាល់យ៉ាងធ្ងន់ធ្ងរយ៉ាងក៏ដោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា បានយកចិត្តកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ការពារ ជូនដល់ប្រជាពលរដ្ឋ និងបន្តធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជននៅមូលដ្ឋានក្នុងទូទាំងប្រទេស។
ឯកឧត្តម បន្តថា ខួបទី៤៥ ជាប្រវត្តិសាស្ត្រនេះ ធ្វើឱ្យយើងចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកង ទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញ។ យើងទាំងអស់គ្នាសូមលំឱនកាយសង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកបានទៅកាន់សុគតិភពជារៀងរហូត។
ឯកឧត្តម បានបន្តទៀតថា រយៈពេល ៥ឆ្នាំខាងមុខ ជារយៈពេលដ៏មានសារៈសំខាន់ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ សម្រាប់ឆ្នាំ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖
១-ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមធានានូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន
២-ការការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រ មិនឱ្យជនណាមកបំពានបានឡើយ
៣-ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យសម្រេចបានលទ្ធផលផ្លែផ្កា និងជឿទុកចិត្តរបស់ប្រជាជន
៤-បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចីរភាព នៃកំណើនប្រកបដោយបរិយាបន្ន តាមរយការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប រក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ
៥-រក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព
៦-ប្រមូលកម្លាំងសរុបរបស់ជាតិ ដើម្បីកសាងនឹងការពារមាតុភូមិស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញសំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ
៧-គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
៨-បន្តជំរុញ អនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិយកចិត្តទុកដាក់ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានា នៃពិភពលោក។
មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនេះ ៧មករា ក៏បានធ្វើការប្រលែងព្រាប និងបង្ហោះប៉ោងប្រកបដោយភាពរីករាយ។