ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមកម្មវិធីគម្រប់ខួបទី១៥០ឆ្នាំ ក្រុមហ៊ុនប្រតិបត្តិករនាវាHolland American Line នៅលើនាវាទេសចរណ៍ វេស្ទើដាម (Ms Westerdam) ដែលចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកអភិបាលរងបានមានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវអំណរសាទរជាទីមោទនៈចំពោះ គម្រប់ខួប ១៥០ឆ្នាំ របស់ក្រុមហ៊ុន Holland America Line និងបានបង្ហាញទស្សនៈសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីក្នុងការដាក់ប្រទេសកម្ពុជាចូលទៅក្នុងផែនទីទេសចរណ៍ផ្លូវទឹករបស់ក្រុមហ៊ុនប្រតិបត្តិករនាវា ហើយលោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខ នាវាទេសចរណ៍ធំៗ នឹងវិលត្រលប់ចូលសំចតជាបន្តបន្ទាប់បន្ថែមទៀត។
ជាមួយគ្នានេះ លោកអភិបាលរង បានឱ្យដឹងថា នាវាទេសចរណ៍ វេស្ទើដាម (Ms Westerdam) ជានាវាទេសចរណ៍ទី១៩ ដែលចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២៣នេះ ដែលបាននាំយកភ្ញៀវទេសចរសរុបប្រមាណ ១៧,០០០នាក់ចូលមកទស្សនាកម្ពុជាតាមផ្លូវទឹក។