ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពិធីប្រកាសចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមនសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រី ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកា សមាគមចិន-កម្ពុជា
លោក Chen Jiangang ប្រធានសមាគមចិន-កម្ពុជាអាណត្តិទី២ បានបេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍ “ខ្សែក្រវ៉ាត់ និងផ្លូវ” ដឹកនាំសហគ្រាសចិននៅខេត្តព្រះ សីហនុ ឱ្យគោរពតាមច្បាប់ និងបទបញ្ញាត្តិ ការធ្វើសកម្មភាពអាជីវកម្ម ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បន្ថែមកម្លាំងក្នុងការកសាង ” ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកមុ្ម និងបច្ចេកវិទ្យា” របស់ប្រទេសកម្ពុជា និងខិតខំរួមចំណែកបន្ថែមទៀតដល់ការបង្កើតឱកាសការងារដល់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងនាមជាអង្គភាពប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តប្រកាន់ខ្ជាប់នូវគំនិតទស្សនៈ “ឈ្នះឈ្នះ ៨ភាគី” រួបរួមគ្នាយ៉ាងជិតស្និតនូវអង្គភាពសមាជិកទាំងអស់ កសាងសមាគមទៅជាវេទិការមួយដែលបានចែករំលែកព័ត៌មាន ការចែករំលែកធនធាន និងបទពិសោធន៍ ក្លាយជាវេទិការសម្រាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឈរនៅលើមូលដ្ឋានចំណង មិត្តភាពប្រពៃណីកម្ពុជាចិន។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ សមាគមសភាពពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានបង្កើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងរួមចំណែកក្នុងសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។ សមាគមបានដើរតួនាទីជាស្ពានទំនាក់ទំនងយ៉ាងពេញលេញក្នុងការដឹកនាំសហគ្រាសចិននៅខេត្តព្រះសីហនុ ឱ្យគោរពតាមច្បាប់ បទប្បញ្ញត្តិ ជំរុញសកម្ម ភាពអាជីវកម្ម ពាណិជ្ជកម្ម ព្រមទាំងបំពេញកាតព្វកិច្ចសង្គម ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងនាមសហគមន៍រួម វាសនាតែមួយកម្ពុជា-ចិន។ គិតដល់ពេលបច្ចុប្បន្ន សមាគមសភាពពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ មានសមាជិក ៤៥នាក់ ដែលមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ តាងនាមរដ្ឋបាលខេត្ត សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងចំពោះលោកប្រធាន អនុប្រធាន និងសមាជិកសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ តែងជួយគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
លោក អភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្តពុះពារបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជានូវគ្រប់កាលៈទេសៈស្របតាម “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក តាមរយៈការការពារឱ្យបានដាច់ខាត និងការបន្តពង្រឹងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការគោរពច្បាប់ និងវិធាននៃច្បាប់ ការលើកស្ទួយនីតិរដ្ឋ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តវិធានការជាក់ស្តែងនានាសំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពប្រជាជន។ កម្ពុជា និងចិន ជាប្រទេសដែលមានប្រវត្តិទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានទទួលស្គាល់ថាជា «មិត្តល្អជួយគ្នាក្នុងគ្រាក្រ»«មិត្តភាពដែកថប» និងជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ មិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងបន្តដល់ថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា។ ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត និងការចូលកាន់តំណែងរបស់លោកប្រធានសមាគមអាណត្តិទី២ នៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តព្រះសីហនុ និងបន្តដំណើរការដឹកនាំសមាគមឱ្យទទួលបានវឌ្ឍនភាពថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យនានាដែលស្ថិតក្រោមភារកិច្ចរបស់សមាគម ក៏ដូចជាការជំរុញផ្សព្វផ្សាយ កៀរគរ និងរៀបចំវេទិកាជំរុញទំនាក់ទំនងពាណិជ្ជករ សហគ្រិន និងវិនិយោគ គិនកម្ពុជា-ចិន ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និងបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។