ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល អញ្ជើញចូលរួមពីធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបើកឪ្យប្រជាពល រដ្ឋចូលទស្សននា និងអានសៀវភៅនៅលើកប៉ាល់។
លោក ណាថាន ឆ្មុត (Nathan Schmutz) នាយកគម្រោងរបស់កប៉ាល់ MV Doulos Hop បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងភ្ញៀវកតិ្តយសដែលបានទទួលស្វាគមន៍នៅលើនាវា និងបានជួបជាមួយសហគមន៍គ្រួសារបំរើការងារនៅលើកប៉ាល់ ហើយការធ្វើដំណើរមកកម្ពុជានាពេលនេះ ឃើញប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ និងបានឃើញទីក្រុងដ៏ស្អាត និងមានការអភិវឌ្ឍរីកចម្រើនជឿនលឿនក្រុមការងាររបស់កប៉ាល់នឹងស្នាក់នៅទីនេះរហូតឆ្លងឆ្នាំសកល ពួកយើងនឹងប្រារព្ធពិធីឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ ពិតជាមានភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា។
លោកបានបន្តថា គោលបំណងនៃការចូលចត ទី១.ការចែករំលែកចំណេះដឹងតាមរយៈសៀវភៅតាមរយៈការអាន និងស្រាវជ្រាវនូវចំណេះដឹងថ្មីៗ អំពីវប្បធម៌ អរិយធម៌ និងចង់រៀនបទពិសោធន៍ពីប្រទេសកម្ពុជា ហើយលោកបានដឹងថា នៅពេលខាងមុខនឹងមាននាវាទេសចរចណ៍ Wasterdam គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវានេះចូលចតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមក ហើយនេះជាមេរៀនបទពិសោធន៍របស់ប្រទេសកម្ពុជា ជាប្រទេសដែលមានទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះដល់ប្រជាជនចម្រុះជាតិសាសន៍នៅលើនាវាទេសចរណ៍ Wasterdam បានវិលត្រឡប់ដោយសុវត្ថិភាពទៅស្រុកកំណើតវិញ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការចូលចតកប៉ាល់ពិព័រណ៍សៀវភៅ (MV Doulos Hope) ដែលបានចុះបញ្ជីនៅប្រទេស អាឡឺម៉ង់ និងផ្ទុកសៀវភៅប្រមាណ ២.០០០ចំណងជើងផ្សេងៗគ្នា ចូលចតជាលើកទី៣ នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ។ ខ្ញុំជឿជាក់ថា ការចូលចតកប៉ាល់ពិព័រណ៍សៀវភៅនាពេលនេះ បានបង្ហាញពីការងើបឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការបង្កើនជំនឿទុកចិត្តចំពោះស្ថេរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសកម្ពុជា។ ព្រមទាំងបានជំរាជជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានធនធានធម្មជាតិ ដ៏សម្បូរបែបគ្របដណ្តប់លើផ្ទៃដីសរុប ២.៦៥៩ គីទ្បូម៉ែត្រក្រទ្បា មាន២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប។ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយសក្តានុពល និងធនធានធម្មជាតិដ៏ស្រស់បំព្រង នៃឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោកក្នុងឆ្នាំ២០១១ ដែលត្រូវបានប្រសិទ្ធិនាមថា “ តារារះ នាទិសនិរតី”។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខ្ញុំមានមោទកភាព និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគម្រោងពិព័រណ៍សៀវភៅ និងប្រធានក្រុមកប៉ាល់ ព្រមទាំងសហការី ដែលបានសម្រេចចិត្តចូលចតកប៉ាល់នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជាលើកទី៣។ ជាមួយគ្នានេះដែរ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់ក្រុមនាវិក និងក្រុមការងារកប៉ាល់ ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វិស័យសង្គមកិច្ច សិក្សាធិការ និងមនុស្សធម៌ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូចជាផ្តល់សម្ភារសិក្សាដល់កុមារកំព្រា ឧបត្ថម្ភថ្នាំពេទ្យ ចែក វែនតាដោយឥតគិតថ្លៃ ព្រមទាំងការសម្តែងសិល្បៈ និងលេងកីឡាជាដើម។ ការចូលចតកប៉ាល់នាពេលនេះ មានសារៈសំខាន់ណាស់ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការជំរុញចំណាប់អារម្មណ៍ការអានសៀវភៅ បង្កើនចំណេះដឹងថ្មីៗ ចំណេះដឹងទូទៅ បច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ជាមួយប្រជាជាតិប្រមាណ ៣០ចំរុះជាតិសាសន៍លើពិភពលោក ដែលកប៉ាល់នាំមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរជូនលោកនាយកគម្រោង លោកប្រធានក្រុមកប៉ាល់ និងសមាជិកទទួលបានជោគជ័យ សុខសុវត្ថិភាព ផាសុកភាព និងរីករាយក្នុងការស្នាក់នៅលើទឹកដីនាំតំបន់ឆ្នេរដ៏ស្រស់បំព្រងរបស់យើងខ្ញុំ។