នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការលេខ ១៣៤១អនក្រ.តត សម្រេចតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក លៀម សុដា ត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោក ហែម ដារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់លោក ហែម ដារិទ្ធិ ត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើលោក ហែម ជារិទ្ធិ ដែលរាជរដ្ឋាភិបាលមានទំនុកចិត្តធ្វើការតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុនាពេលនេះ ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវសាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្រ្តីរាជការក្រោមឱវាទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងារប្រចាំថ្ងៃនៅរដ្ឋបាលខេត្តព្រះសីហនុ ពិសេសការអនុវត្តគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈធ្វើឱ្យជីវភាពសង្គមមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។