រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។
ឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានផ្តល់ការអប់រំភាសាចិននៅកម្ពុជាមានភាពរីកចម្រើន និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន និងភាសាខ្មែរ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា និងទំនាក់ទំនងចំណងមិត្តភាពរវាងចិន-កម្ពុជា។ ក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយពីបង្កើតសាលារៀនកាងហួរ លោកគ្រូ អ្នកគ្រូបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស ការអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ផងដែរ។ ការសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មីជាផ្លូវការ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងដំណើរអភិវឌ្ឍន៍សាលារៀន កាងហួរ សង្ឃឹមថា សាលារៀនចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ប្រទេសចិន-និងកម្ពុជា គឺជាអ្នកជិតខាងដែលមានចំណងមិត្តភាព ប្រវត្តិប្រពៃ ណីយូរអង្វែង។ ឆ្នាំ២០២៣នេះជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំនៃមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ការខិតខំអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា ឱ្យមានគុណភាពកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកឱ្យដំណើរការអគាសិក្សាថ្មីដោយបានគូសបញ្ជាក់ថា សាលារៀនខ្មែរ-ចិន កាងហួរ បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ សាលារៀនខ្មែរ-ចិន កាងហួរ បានបង្កើតឡើងឆ្នាំ១៩៦៣ ផ្អាកដំណើរការនៅឆ្នាំ១៩៧០ និងដំណើរការឡើង វិញនៅឆ្នាំ១៩៩៥ បានបណ្តុះបណ្តាលចំណេះដឹងទូទៅចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ថ្នាក់រៀនភាសាចិន ភាសាអង់គ្លេស និងថ្នាក់រៀនភាសាខ្មែរសម្រាប់មនុស្សពេញវ័យ។ សាលាផ្ដល់សេវាកម្មអប់រំសម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្តល់សេវាអប់រំ និងបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ពិសេសការផលិតធនធានមនុស្សឪ្យមានសមត្ថភាពក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលខេត្តបន្តថា សាលាត្រូវបន្តពង្រឹងប្រព័ន្ធគុណភាពអប់រំថែមទៀតតាមរយៈការអភិវឌ្ឍសមត្ថភាពលោកគ្រូ អ្នកគ្រូ និងការពង្រឹងយន្តការគ្រប់គ្រង កែលម្អនឹងវាយតម្លៃកម្មវិធីបណ្តុះបណ្តាលព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនវានុវត្តន៍ និងបណ្តុះវប្បធម៌ស្រាវជ្រាវ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រជំនះនូវរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើប្រាស់នូវជំនាញចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈការ ទទួលខុសត្រូវ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហើយមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។