ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលា ស្តីពីការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិ១ ផលលិតផល១ ជូនផលិតករដែលត្រូវបានទទួលស្គាល់ជាសមាជិកភូមិ១ ផលិតផល១ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជីវករ ម្ចាស់ផលិតផល និងបងប្អូនអាជីវករក្នុងខេត្តព្រះសីហនុ។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ ឆ្នាំ២០២៣ ផ្ដល់ឱកាសឱ្យសមាជិកបានជួបជុំគ្នាផ្លាស់ប្តូរមតិយោបល់ ចែករំលែកព័ត៌មានថ្មីៗទាំងផ្នែកការងាររបស់ក្រុមផលិតករ និងអ្នកទិញ ដើម្បីជំរុញផលិតផលខ្មែរចូលទីផ្សារក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លើសពីនេះការចែកវិញ្ញាបនបត្រទទួលស្គាល់ផលិត ផលភូមិ១ ផលិតផល១ ជូនផលិតករ ជាសមាជិកនាថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់ផលិតករ ក្នុងការគិតពិចារណា និងធ្វើផែនការអាជីវកម្ម ការពង្រីកផលិតកម្ម និងការសិក្សាទីផ្សាររួមចំណែកដល់ការអភិវឌ្ឍភូមិ១ ផលិតផល១ របស់យើងកាន់តែទូលំទូលាយបន្ថែមទៀត។
លោកស្រី អភិបាលរងខេត្តបាន បន្តថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុ បានជ្រើសរើសផលិតករ ផលិតផលគ្រឿងសមុទ្រក្រៀម កាពិ មឹក ប្រហិតវេចខ្ចប់ ចាហួយដូងក្រអូប សិប្បកម្មកន្ទេល សិប្បកម្មផ្តៅ សិប្បកម្មទឹកត្រី ស្រាផលិតពីផ្លែឈើចំរុះ សិប្បកម្មទឹកត្រី…។ល។ សរុប ២៥ផលិតផល មកពីក្រុង២ និង៣ ស្រុក ក្នុងនោះ៖ ក្រុងព្រះសីហនុមានចំនួន ៦ផលិតផល ក្រុងកោះរ៉ុងមានចំនួន ២ផលិតផល ស្រុកព្រៃនប់មានចំនួន ៨ផលិតផល ស្រុកស្ទឹងហាវ មានចំនួន ៣ផលិតផល ស្រុកកំពង់សីលា មានចំនួន ៦ ផលិតផល។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកក្នុងខេត្តព្រះសីហនុ។ បន្ទាប់ពីការដាក់តាំងបង្ហាញផលិតផល និងវាយតម្លៃគុណវុឌ្ឍផលិតផលទាំង ២៥រួចមក មានផលិតផលចំនួន០៧ ដែលបានបំពេញលក្ខខណ្ឌក្នុងការឆ្លើយតបទស្សនទានចលនាភូមិ១ ផលិតផល១ និងត្រូវទទួលវិញ្ញាបនបត្រជាសមាជិក ភូមិ១ ផលិតផល១ ក្នុងថ្ងៃនេះ រួមមាន៖ ក្រុងព្រះសីហនុ ចំនួន ២ផលិតផល ស្រុកព្រៃនប់ចំនួន ៣ផលិតផល និងស្រុកស្ទឹងហាវ ចំនួន ២ផលិតផល។ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចាប់ផ្ដើមអនុវត្តការងារជំរុញចលនាភូមិ១ ផលិតផល១ ឱ្យមានលក្ខណៈច្បាស់លាស់ ស៊ីជម្រៅតាមភូមិឋាននីមួយៗ ដើម្បីបង្កើនប្រាក់ចំណូលតាមគ្រួសារ និងអភិវឌ្ឍន៍ភូមិ ឃុំ និងសហគមន៍ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឱ្យកាន់តែឆាប់រហ័ស និងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនបានកាន់តែប្រសើរឡើង។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ មានប្រសាសន៍បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ មានសារៈប្រយោជន៍ដល់ការអនុវត្តគោលនយោបាយជាតិជំរុញចលនា “ភូមិ១ ផលិតផល១” ព្រោះផ្តល់លទ្ធភាពឱ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការនឹងដាក់ចេញសកម្មភាពអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព។ ជំរុញឱ្យអ្នកពាក់ព័ន្ធអនុវត្តន៍ និងពន្យល់ប្រជាពលរដ្ឋជាអ្នកផលិតតាមមូលដ្ឋានឱ្យយល់ច្បាស់អំពីសារៈសំខាន់ និងផលប្រយោជន៍សំខាន់ៗក្នុងការចូលរួមជំរុញផលិតផល។ សមាជិកត្រូវគោរពឱ្យបាននូវបទបញ្ញាតិនានារបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បន្តផ្សព្វផ្សាយដល់ផលិតករ សិប្បករ ឧស្សាហករ ចូលរួមក្នុងចលនា ស្តីពីអត្ថប្រយោជន៍នៃការចូលរួមដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាសមាជិកចលនាភូមិ១ ផលិតផល១ និងផលិតផលខ្មែរមានសក្តានុពលសម្រាប់អ្នកផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធប្រើប្រាស់ឱ្យអស់លទ្ធភាព និងសមត្ថភាព របស់ខ្លួនក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការផលិត ការច្នៃប្រឌិតលើគុណភាពផលិតផល ការផ្តល់ព័ត៌មានដល់អ្នកទិញ និងអ្នកប្រើប្រាស់ សម្រាប់ធ្វើការចែកចាយ និងលក់ផលិតផលរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។