ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដោយមានការចូលរួមពីអាជីវករ ពាណិជ្ជករ និស្សិត ក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។
លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយជូនដល់ម្ចាស់ សហគ្រាស ពាណិជ្ជករ និងភាគីពាក់ព័ន្ធក្នុងខេត្ត ឱ្យបានយល់ដឹងពីការត្រៀមលក្ខណៈ និងឯកសារចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ ក៏ដូចក្រសួងពាក់ព័ន្ធចុះបញ្ជីតាមប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលជាចំណុចសំខាន់ក្នុងដំណើរការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះយើងជាអាជីវករ ពាណិជ្ជករ ជាអ្នកប្រកបធុរកិច្ចប្រចាំថ្ងៃមានច្រើនប្រភេទតាមទម្រង់ដូចជា៖ លក្ខណៈសហគ្រាស ក្រុមហ៊ុន ក្រុមហ៊ុនចែកចាយ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតជាដើម។ ព្រោះច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពថ្មី ប៉ុន្តែបើយើងពុំបានចូលរួមតាមដាន ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬលើកទឹកចិត្តលើអ្វីខ្លះ ក្នុងការប្រកបអាជីវកម្មប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សិក្ខាសាលានាពេលនេះបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយជូនសមាជិកសភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈ ឬឯកសារក្នុងការចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យស្របតាមច្បាប់ពាក់ព័ន្ធតាមប្រភេទអាជីវកម្មរបស់ខ្លួន និងការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលនាពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានដាក់ចេញ និងជំរុញការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយក្នុងការដាក់ចេញនូវកញ្ចប់វិធានការកែទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្របតាមបាវចនា“ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងការអនុវត្តអភិក្រម ៥យ៉ាង “ឆ្លុះកញ្ចក់ ងូត ទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សា ហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកសិក្ខាសាលាដោយគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អស់លោក លោកស្រីជាអ្នកប្រកបអាជីកម្មនៅក្នុងខេត្តព្រះសីហនុ ព្រោះថាច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ប៉ុន្តែបើយើងពុំបានចូលរួមតាមដាន យើងនៅតែតាមមិនទាន់ ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬការលើកទឹកចិត្តទៅលើអ្វី ហើយនៅពេលយើងអនុវត្តយើងយកតែច្បាប់ចាស់មកអនុវត្ត នឹងធ្វើឱ្យមានបញ្ហាដល់ជីវកម្មសហគ្រាស ក្រុមហ៊ុនជាក់ជាមិនខាន។ ដូចនេះសូមអស់លោក លោកស្រី តំណាងសមាគមន៍ ម្ចាស់សហគ្រាស អាជីវករ ពាណិជ្ជករ សិស្ស និស្សិតរបស់យើងត្រូវស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតប្រកបដោយផ្លែផ្កា និងត្រៀមលក្ខណៈចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យបានត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។