រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ នៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្តព្រះសីហនុ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍សរុបចំនួន ១៥០នាក់ មកពីក្រុង ស្រុកចំនួន៣ នៃខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេសដ៍» ទាមទាឱ្យមានការចូលរួមឱ្យបានពេញលេញ និងការបេ្តជ្ញាចិត្ត ១.ចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការសមភាព និងបរិយាបន្ន ២.ត្រូវនាំគ្នាអនុវត្តវិធីសាស្ត្រមិត្តអប់រំមិត្ត ការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ជាហានិភ័យនៃការឆ្លងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ ៣.សូមបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្ករកមេរោគអេដស៍ឱ្យបានឆាប់បំផុត ទទួលបានការថែទាំសុខភាព និងប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវទៀងទាត់ ៤.សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន ៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍ ស្វាយ និងថ្លើម ពីសេវាសុខាភិបាល ៥.សូមបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត មិនត្រូវរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ៦.សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។
ឯកឧត្ដម ប្រធាន ក៏បានថ្លែងអរគុណសាខា អនុសាខាក្រុង ស្រុក រៀបចំកម្មវិធីប្រយុទ្ធប្រឆាំងជំងឺអដស៍ ១ធ្នូ ២០២៣ ព្រមទាំងកោតសរសើរលើកទឹកចិត្តអង្គការដៃគូរនានា សូមបន្តសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តព្រះសីហនុ ដើម្បីរួមគ្នាឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥។ ខេត្តព្រះសីហនុ ជាគោលដៅមានកំណើនជំងឺអេដស៍ យើងពិតជាមានការសោកស្តាយការចម្លងនៅតែមានការកើតឡើង ហើយអ្នកដែលចម្លង គឺជាអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ទំនាក់ទំនងបុរសស្រឡាញ់បុរស យើងត្រូវបង្កើតយុទ្ធនាការឡើងវិញ ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយ ដែលមានអង្គការចូលរួមនូវសកម្មភាពមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍។ ប្រសិនមានអង្គការចូលរួម គឺយើងធ្វើការចំគោលដៅបានល្អ ចាំបាច់គោលដៅធ្វើយុទ្ធនាការទៅលើមុខសញ្ញាដែលមានការចម្លងច្រើនឱ្យមានការប្រុងប្រយ័តការពារបន្ថែមទៀត ហើយយុទ្ធនាការរបស់យើងធ្វើឱ្យចំគោលដៅ។ ផ្តើមចេញពីការស្រឡាញ់ភេទដូចគ្នា កម្ពុជាបានធ្វើយុទ្ធនាការបំបាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ក្នុងនោះយើងបានជួយគាំទ្រផ្នែកស្មារតី ក៏ដូចការព្យាបាល ដូច្នេះត្រូវបន្តខិតខំថែទាំសុខភាព ការហូបចុកឱ្យមានអនាម័យ ដើម្បីសុខមាលភាពរបស់បានកាន់ទេល្អប្រសើរ។
អំណោយដែលបានចែកជូនអ្នកផ្ទុក និងអ្នកជំងឺអេដស៍មកពីក្រុងស្រុកទាំង៣ មានចំនួន ១៥០នាក់ ក្នុងនោះ ក្រុងព្រះសីហនុចំនួន ៧០នាក់ ស្រុកព្រៃនប់ ៥០នាក់ ស្រុកស្ទឹងហាវ ៣០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ក្រម៉ា១) និងថវិកា ១០ម៉ឺនរៀល៕