នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងដាក់ចេញនូវវិធានការមួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះយើងមានវិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មានដូចជា (នៅតាមសាលារៀន និងសហគមន៍) សូមឱ្យមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា បន្តការខិតខំអប់រំ ផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ការធ្វើវេទិកាសាធារណៈ និងវិធានការមួយចំនួនផ្សេងទៀត។ យើងមានវិធានការពីរ ទី១.ការធ្វើរដ្ឋបាលចំហរនៅក្នុងមូលដ្ឋាន និងការទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីប្រមូលផ្តុំជនសង្ស័យនៅក្នុងតំបន់នោះយកមកធ្វើតេស្តិ៍រកសារធាតុញឿន សម្រាប់ខេត្តព្រះសីហនុ ជាវិធានការសាកល្បងមួយ ដូច្នេះគណៈបញ្ជាការឯកភាពក្រុង ស្រុក ធ្វើការត្រួតពិនិត្យបើរកឃើញអ្នកមានសារធាតុញៀន មន្ត្រីនគរបាលរបស់យើងត្រូវធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញា ដើម្បីចេញដីការឱ្យទៅបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ស្រុកស្ទឹងហាវ យើងបានរកឃើញអ្នកមានសារធាតុញៀនចំនួន ១១៥នាក់រួចហើយ ទី២.មានការត្រួតពិនិត្យអ្នកបើកបរ ដោយធ្វើតេស្តិ៍រកសាធាតុញៀនលើអ្នកបើកបរ ប្រសិនរកឃើញយើងអនុវត្តវិធានការដូចគ្នា ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺសំដៅអប់រំ ការធ្វើរដ្ឋបាល និងការអនុវត្តច្បាប់ កាលពីមុនយើងអនុវត្តសំដៅលើអ្នកជួញដូរ ចំណែកអ្នកប្រើប្រាស់នៅដដែល ពេលនេះយើងប្រមូលទាំងអ្នកញៀនយកទៅបន្សាប និងចាត់វិធានការចំពោះអ្នកជួញដូរ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដូច្នេះយើងត្រូវពង្រីកការស្រាវជ្រាវបន្ថែមថាតើពួកគាត់ទៅទិញសារធាតុញៀនពីប្រភពណា ដើម្បីស្វែងរកប្រភពអ្នកជួញដូរ ទន្ទឹមនឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការពិនិត្យអ្នកបើកបរមានជាតិស្រវឹង យើងបានរកឃើញនូវសារធាតុញៀនឈានទៅធ្វើការបង្ក្រាបបានទ្រង់ទ្រាយធំនាពេលថ្មីៗកន្លងមកនេះផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា រាជរដ្ឋាភិបាលមានឆន្ទះមុតស្រួចក្នុងការងារអាទិភាពចំនួន ៥ ទី១.ការកាត់បន្ថយគ្រឿងញៀននៅក្នុងសហគមន៍ ដើម្បីភាពសុខសាន្តគ្មានបងតូចបងធំ និងគ្មានគ្រឿងញៀន ត្រូវខិតខំរួមគ្នាក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចង់ឃើញសមិទ្ធផលដែលកើតចេញពីមន្ត្រីរបស់យើងគ្រប់ក្រសួង ស្ថាប័ន អង្គភាព ក្នុងការរួមគ្នាអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែល្អបន្ថែមទៀត ដោយឡែកពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨ និងទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រឿងញៀន ព្រោះគ្រឿងញៀនវាបានកើតមានលើផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដូច្នេះគណៈបញ្ជាការឯកភាពខេត្ត បន្តផ្សព្វផ្សាយតាមរយៈយន្តការកាត់បន្ថយតម្រូវការគ្រឿងញៀន ធ្វើឱ្យសមិទ្ធផល និងស្នាដៃទទួលបានជាបន្តបន្ទាប់ ដើម្បីភាពកក់ ក្តៅនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ការផ្សព្វផ្សាយអប់រំត្រូវធ្វើឱ្យបានផុលផុសនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិរបស់យើង ស្របទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ផ្តោតសំខាន់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធិផល ព្រមទាំងបានធ្វើការណែនាំ សូមកុំពាក់ព័ន្ធ កុំអន្តរាគមន៍ បំផុសឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍មកសមត្ថកិច្ច រក្សាការសម្ងាត់ ទន្ទឹមនោះវិធានការលើកទឹកចិត្ត ប័ណ្ណសរសើរ និងរង្វាន់ ជារឿងមួយសំខាន់សម្រាប់មន្ត្រីអនុវត្តច្បាប់របស់យើងកាន់តែមានប្រសិទ្ធភាពថែមទៀត។