ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារដឹកនាំកីឡាករចំណុះទូក ង «ព្រះសីហនុសែនជ័យបារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករចំណុះឱ្យទូក នៅទីតាំងស្នាក់អាស្រ័យបណ្តោះអាសន្នរបស់កីឡាករចំណុះទូក ក្នុងបរិយាសស្និតស្នាល និងរីករាយ។
មានប្រសាសន៍សំណេះសំណាល លោកអភិបាលរង បានធ្វើការផ្តាំផ្ញើថា ជ័យជំនះជាការសំខាន់ ហើយអ្វីដែលសំខាន់មួយទៀតគឺការគោរពវិន័យ ធ្វើយ៉ាងណារក្សាអោយបាននូវសេចក្ដីថ្លៃថ្នូរ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងមិនត្រូវបង្កភាពអនាធិបតេយ្យឡើយ។ កីឡាករចំណុះទូកទាំងអស់ត្រូវស្តាប់ និងធ្វើតាមតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក និងថែរក្សាសុខភាពឱ្យបានខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងក៏បានពាំនាំនូវ ម្ហូបអាហារ ភេសជ្ជៈ និងថវិកា ដែលជាអំណោយឧបត្ថម្ភពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ និងលើកទឹកចិត្តដល់កីឡាករមុន និងក្នុងពេលប្រកួតផងដែរ។