នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្ដាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” រៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូឧទ្ទេស និងលោក ចន ចន្ធី មន្ត្រីជំនាញនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិតយសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាគ្រូឧទ្ទេស ដើម្បីផ្តល់ចំណេះដឹងជូនមន្រ្តីរាជការដែលអញ្ជើញមកពី រដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពនានាជុំវិញខេត្តព្រះសីហនុ សរុបប្រមាណ ៨៦នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការអំពីកម្មវិធីផលិតភាពរបស់ទូរសព្ទដៃ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ក្នុងការប្រកបវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។