រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាល បានអញ្ជើញចូលរួមកិច្ចផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីខកខានរៀបចំអស់ប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងបន្ថែមនូវសន្ដិសុខ ការអនុវត្តវិធានការរដ្ឋបាល បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណារក្សាឱ្យបានសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ។