ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកកំពង់សីលា មានសំណួរ និងសំណូមពរសរុបចំនួន ២៣នាក់ ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់ជាសំណួរ និងសំណូមពរចំនួន ៣នាក់ និងលើកតាមរយៈសំបុត្រមានចំនួន ២០សំបុត្រ។
ក្នុងឱកាសនោះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្តងមួយៗ ដើម្បីដោះស្រាយឱ្យមានតម្លាភាព គណនេយ្យភាព ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ម្យ៉ាងទៀតវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលដែលសម្រេចបានសំខាន់ៗរបស់រដ្ឋបាលខេត្តតាមរយៈការអនុវត្តនូវសកម្មភាពនានា និងធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់យកទៅធ្វើការពិចារណា ដោះស្រាយ និងអនុវត្តបន្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។