ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញជួបពិភាក្សាការងារជាមួយលោក CHEN JIANGANG និងលោក លោកស្រីជាអគ្គនាយកក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៨ មានទីស្នាក់ការនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុផ្ទៃដីសរុប ១១,១៣ គីឡូម៉ែត្រការ៉េ។ សព្វថ្ងៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន១៧៥ ដោយពេលសាងសង់ចប់សព្វគ្រប់ SSEZ គ្រោងនឹងទទួលក្រុមហ៊ុន ចំនួនជាង១០០ក្រុមហ៊ុន បន្ថែមទៀត ដែលក្រុមហ៊ុនសរុបនឹងកើនដល់៣០០ក្រុមហ៊ុន ព្រមទាំងមានលទ្ធភាពផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ បានចន្លោះពី ៨០.០០០ ទៅ ១០០.០០០នាក់។
លោកអភិបាលរង បានបញ្ជាក់ថាសព្វថ្ងៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះបានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុចំនួនប្រមាណ ជាង ៣ម៉ឺននាក់ ស្មើនឹង ១០% នៃប្រជាជនក្នុងខេត្តសីហនុទាំងមូល។ នេះជាភស្តុតាង សបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មនៃវិនិយោគិនចិននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងជាឧទាហរណ៍បង្ហាញពីការអនុវត្តយ៉ាងជោគជ័យនៃគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។
បន្ទាប់ពី ដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស លោកអភិបាលរងក៏បានអញ្ជើញបន្តអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រីទៅសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។
ក្នុងឱកាសនោះលោកអភិបាលរងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងបានគូសបញ្ជាក់អំពីសារៈសំខាន់ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារផលប្រយោជន៍ជាតិ ក៏ដូចជាការទាក់ទាញវិនិយោគិនមកវិនិយោគក្នុងខេត្ត។