នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតឡាវប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពត, ខេត្តកែប, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, តំណាងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អង្គការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ជាង១៣ម៉ឺនរូប នៅពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត។
សូមជម្រាបថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក។
២. ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ស្ថាប័ន និងភាគីពាក់ព័ន្ធកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក។
៣. ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រជាជាតិលើសកលលោក ក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិកស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
គួររម្លឹកថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានសាកល្បងអនុវត្ត គម្រោង តំបន់គ្មានថង់ប្លាស្ទិក បានយ៉ាងជោគជ័យនៅ វិទ្យាល័យហ៊ុនសែនមិត្តភាព (ក្រុងព្រះសីហនុ) និងរមណីយដ្ឋានកោះក្របីផងដែរ។