ព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តតំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ តាមក្រុង ស្រុក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តលោកអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ព្រមទាំងសមាជិក សមាជិកានៃអង្គវេទិកា។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ មានសំណួរ និងសំណូមពរសរុបចំនួន ៥០ ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់ជាសំណួរ និងសំណូមពរចំនួន ១២នាក់ និងលើកតាមរយៈសំបុត្រមានចំនួន៣៨ សំបុត្រ។
គោលបំណងនៃវេទិកា គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានា និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សសម្រាប់យកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូមពរ និងធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុមការងារវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ។ ម្យ៉ាងទៀតការបើកវេទិកាសាធារណនាពេលនេះ ដើម្បីចង់ឈ្វេងយល់អំពីសំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ស្រុក ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយកែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតនៅពេលខាងមុខ។