នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្តចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីអំពីសក្តានុពល និងកាលានុវត្តភាព នៃការវិនិយោគក្នុងខេត្តព្រះសីហនុ ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិចប្រចាំកម្ពុជា (Amcham) សរុបសមាសភាពប្រមាណ៤៣រូប នៅតំបន់អភិវឌ្ឍន៍ Bay of Lights។
ការធ្វើបទបង្ហាញនេះ បានធ្វើឡើងក្នុងគោលបំណងចូលរួមបង្កើនពិពិធកម្មវិនិយោគិន ចូលរួមជំរុញនិងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិច។
ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ចប្រធាន អគ្គនាយក និងតំណាងក្រុមហ៊ុនប្រមាណជាង២០ក្រុមហ៊ុននេះ លោកអភិបាលរងបានលើកឡើងអំពីស្ថានភាពទូទៅនៃខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសនៃការវិនិយោគ លើវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពល តែនៅមិនទាន់ទទួលបានការវិនិយោគគ្រប់គ្រាន់សាកសមនៅឡើយ។
លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពបច្ចុប្បន្ន វិធានការនានាក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យវិនិយោគិនងាកមកចាប់អារម្មណ៍មកវិនិយោគបន្តនូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។
លោកអភិបាលរងបានថ្លែងបន្ថែមថា តាមទិន្នន័យដែលទទួលបានពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញទំនិញធំជាងគេបំផុត ដែលមានបរិមាណប្រមាណ ៣៤%នៃទំនិញនាំចេញសរុបរបស់កម្ពុជា។
ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍វិនិយោគិនបរទេសបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករដែលមានវត្តមាននៅក្នុងនេះតែម្តង។
គួរបញ្ជាក់ថា តាមរយៈការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះសីហនុ ប្រតិភូAmcham បានធ្វើទស្សនកិច្ចទៅ កាន់ទីតាំងសំខាន់ៗរបស់ខេត្ត មានដូចជា៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់ភណ្ឌាគារគយ, តំបន់អភិវឌ្ឍBay of lights, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតក្តារកម្រាលAHFផងដែរ។