នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុរួមជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអញ្ជើញចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃកំពង់ផែឡុងប៊ិច (Long Beach Port) ដើម្បីស្វែងយល់អំពីដំណើរការ និងប្រតិបត្តិការកំពង់ផែ ព្រមទាំងសិក្សាលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។
លោកអភិបាលរងបានថ្លែងអំណរគុណចំពោះតំណាងកំពង់ផែឡុងប៊ិចដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងរាក់ទាក់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាមេរិក ដែលអាមេរិចគឺជាដៃគូនាំចេញធំជាងគេរបស់កម្ពុជា។
នៅក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងពាណិជ្ជកម្មអាមេរិក អំពីសកម្មភាពជំរុញការនាំចេញផលិតផលអាមេរិក និង ការលើកទឹកចិត្តចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិ និងពីតំណាងធនាគារអាហរណនីហរណសហរដ្ឋអាមេរិក (Exim bank) អំពីការផ្តល់កម្ចីសម្រាប់អ្នកទិញ និងគោលនយោបាយជំរុញធុរកិច្ចរបស់ធនាគារផងដែរ។