Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤

ឯកឧត្តម គួច ចំរើន អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤

ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើរចោរកម្មទាំងអស់នោះទេ មានករណីស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលាណាមួយតាមតំណាក់កាល ២.ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យមើល ចំពោះអ្នកបាត់ក្នុងរយៈពេលកន្លងមក សុំអញ្ជើញមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យម៉ូតូនៅទីនេះ ថាតើវាជាររបស់យើងមែន ឬមិនមែន ព្រោះម៉ូតូវាអាចមានការដោះដូរមើលលែងស្គាល់ ចំពោះអ្នកដែលយកម៉ូតូមកបញ្ចាំសូមចូលមកបំភ្លឺ ព្រោះម៉ូតូទាំងនេះមិនមែនជាការដកហូតនោះទេ គឺយើងយកមករក្សាទុក ដើម្បីស្វែងរកយុត្តិធម៌ផ្តល់ឱ្យម្ចាស់វិញដែលបានបាត់បង់ យើងមិនអាចវាយតម្លៃបានទេ ត្រូវទៀមទារឱ្យម្ចាស់ចូលរួមបង្ហាញឯកសារម៉ូតូ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវ តាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ ៣.សុំឱ្យអធិការបើកប៉ុស្តិ៍ជួយសម្របសម្រួលបង្កលក្ខណងាយស្រួលឱ្យបងប្អូនដែលគាត់មកពិនិត្យម៉ូតូដែលបានបាត់ ក៏ប៉ុន្តែមកដល់ថ្ងៃនេះមានមនុស្ស ១០នាក់ បញ្ជាក់ថាជាម្ចាស់ ក្រៅពីនោះមិនដឹងថា អ្នកណាជាម្ចាស់នៅឡើយនោះទេ សូមអ្នកដែលមានការពាក់ព័ន្ធយកឯកសារម៉ូតូមកបញ្ចាក់ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងធ្វើការប្រមូលផ្តុំព័ត៌មានដោះស្រាយឱ្យបានលឿនឆាប់ជូនបងប្អូន ដើម្បីយកម៉ូតូទៅប្រើប្រាស់នៅពេលខាងមុខ ទន្ទឹមនោះឯកឧត្តម អភិបាលបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កម្មសិទ្ធករទាំងឡាយសូមចូលរួមប្រុងប្រយ័ត្ន ស្តីពីទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានល្អ។
សូមបញ្ជាក់ផងដែរថា ក្រោយពីមានបណ្តឹងពីការលួចម៉ូតូនៅក្នុងក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានធ្វើការល្បាតក្នុងភូមិសាស្ត្រជួបនឹងជនសង្ស័យម្នាក់បណ្តើម៉ូតូ កម្លាំងរបស់យើងធ្វើការឃាត់យកមកសួរនាំស្រាវជ្រាវ ក្នុងនោះជនសង្ស័យបានសារភាពថា ម៉ូតូនេះបានមកពីអំពើលួចក្នុងសង្កាត់លេខ៤ កម្លាំងបានធ្វើការសាកសួរបន្តឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួចបន្តស្រាវជ្រាវទៅដល់ទីតាំងចំនួនពីរ ដែលមានជនជាតិចិន ជាអ្នកទទួលបញ្ចាំ បានធ្វើការដកហូតម៉ូតូបានចំនួន ៤៨គ្រឿង ហើយមកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងមានចំនួន ៩គ្រឿង នៅសល់ជាង ៣០គ្រឿងទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បាននាំយកថវិកាចំនួន ១០លានរៀល ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាការលើកទឹកចិត្តផងដែរ ។