រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុងឱ្យបានលឿនឆាប់ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ កុំឱ្យមានការកកស្ទះ ម្យ៉ាងទៀតការងារសាងសង់លូរ ប្រឡាយ និងផ្លូវបេតុងនេះ ត្រូវមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅប្រជាពលរដ្ឋ ហើយសង្ឃឹមថាលូរ ប្រឡាយ និងផ្លូវបេតុងនឹងជួយសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយរំដោះជំនន់ទឹកភ្លៀងមិនឱ្យមានការជន់លិចនៅផ្សារវាលរេញនៅឆ្នាំខាងមុខ ដោយសារតែកន្លងមកនៅរដូវវស្សាពេលមានភ្លៀងធ្លាក់ជាប់គ្នាតំបន់ផ្សារវាលរេញតែងតែរងនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយម្យ៉ាងទៀតប្រព័ន្ធលូររបស់យើងតូចមិនអាចជួយរំដោះទឹកភ្លៀងបាន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានកាន់តែមានទំហំធំពីមួយឆ្នាំទៅមួយឆ្នាំ។