Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

បន្ទាប់ពីកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបទបង្ហាញ និងរាយការណ៍អំពីវឌ្ឍនភាពការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុជូនអង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវគោលការណ៍មួយចំនួនមានដូចជា៖
ទី១. អង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្តីជូនដំណឹងមួយ ស្តីពីការចុះស្រង់ទិន្នន័យអាជីវកម្មដល់បងប្អូនអាជីវករ ដើម្បីឱ្យពួកគាត់យល់ដឹងពីនីតិវិធី និងអត្ថប្រយោជន៍អំពីការស្នើសុំលិខិតអនុញ្ញាត ឬប័ណ្ណអនុញ្ញាតអាជីវកម្ម។
២. អង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តចុះត្រួតពិនិត្យស្រង់ទិន្នន័យអាជីវកម្មក្នុងក្រុងព្រះសីហនុបន្តទៀត ដោយត្រូវធ្វើការងារប្រកបដោយភាពទន់ភ្លន់ បត់បែន ចុះផ្សព្វផ្សាយ និងចុះពន្យល់ណែនាំ បងប្អូនអាជីវករពីអត្ថប្រយោជន៍នៃការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ក៏ប៉ុន្តែអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំមានលិខិតបញ្ជាបេសកកម្ម ដោយកំណត់ពេលវេលា ឈ្មោះទីតាំងអាជីវកម្មដែលត្រូវចុះ និងចំនួនបញ្ជាក់ឯកសារដែលត្រូវពិនិត្យ ដើម្បីអាជីវកម្មបានត្រៀមខ្លួនទុកជាមុន ហើយក្រុមការងារក៏ចំណេញពេលវេលា និងមានតម្លាភាព
៣.រាល់អាជីវកម្មដែលមិនបានចូលរួមសហការ ត្រូវធ្វើការអប់រំណែនាំដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងរាយការណ៍មកឯកឧត្តមអភិបាលផ្ទាល់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។
៤.បញ្ហាអាជីវកម្មស្នើសុំជាកញ្ចប់ ក្នុងកំឡុងពេលរង់ចាំគោលការណ៍ណែនាំពីក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយត្រូវឱ្យពួកគាត់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណណាដែលមានអានុភាពធំជាងគេ។
៥.ចំពោះសេវាបរិស្ថានដែលប្រជាពលរដ្ឋយល់ច្រឡំជាមួយសេវាប្រមូលសម្រាមរបស់ក្រុមហ៊ុនឯកជន KSWM មន្ទីរបរិស្ថានខេត្ត ត្រូវខិតខំធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីកាតព្វកិច្ច នៃការស្នើសុំធ្វើអាជីវកម្មបន្ថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំចំពោះមន្ទីរបរិស្ថាន ស្តីពីការជំរុញសេវាបរិស្ថានបន្ថែមទៀត ត្រូវត្រួតពិនិត្យទីតាំងណាខ្លះដែលមានអាងប្រព្រឹត្តកម្ម ហើយកន្លែងណាខ្លះមិនទាន់មានអាងប្រព្រឹត្តកម្ម រួចតំឡើងផែនទីដោយកំណត់ពណ៌បៃតងសម្រាប់ទីតាំងមានអាងប្រព្រឹត្តកម្ម និងពណ៌ក្រហមសម្រាប់ទីតាំងដែលមិនទាន់មាន ដើម្បីធ្វើការគ្រប់គ្រង និងពិនិត្យគុណភាពអាងប្រព្រឹត្តកម្មនៅតាមទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ។ យើងចាំបាច់ត្រូវចុះធ្វើការពន្យល់ណែនាំ ដើម្បីរួមគ្នាគ្រប់គ្រងសំណល់រឹង រាវក្នុងក្រុងព្រះសីហនុឱ្យបានល្អ ជាការចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍តំបន់ឆ្នេរប្រកបដោយចិរភាព និងបៃតង ហើយយើងត្រូវលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបានចូលរួមសហការជាមួយក្រុមការងារចុះស្រង់ស្ថិតិចុះស្រង់ទិន្នន័យអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើទម្រង់ចុះស្រង់ស្ថិតិទិន្នន័យអាជីវកម្មនៅតាមក្រុង ស្រុកនីមួយៗតាមការិយាល័យច្រកចេញចូលតែមួយ ដូចដែលអង្គភាពច្រកចេញចូលតែមួយបាននឹងកំពុងធ្វើ ដើម្បីការគ្រប់គ្រងឱ្យបានកាន់តែល្អ និងជំរុញការចូលរួមថែរក្សាអនាម័យ បរិស្ថាន ហើយយើងត្រូវធ្វើការដោយឥរិយាបទទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រោះយើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ។